(កូរ៉េ)៖ ផលិតកម្មដ៏ល្បីមួយនៅកូរ៉េខាងត្បូង YG Entertainment បានប្រកាសនៅថ្ងៃនេះថា សិល្បករក្នុងផលិតកម្មរបស់ខ្លួនពីរូប គឺ Doyoung និង Junghwan សមាជិកក្រុមចម្រៀង TREASURE បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

បើតាមសេចក្តីប្រកាសរបស់ផលិតកម្ម YG បានបញ្ជាក់ថា ក្រៅពីសមាជិកប្រុសពីរូបខាងលើបានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩ បុគ្គលិកផ្សេងទៀត ដែលតម្រូវឲ្យធ្វើចត្តាឡីស័កកន្លងទៅ រហូតមកទល់នឹងពេលនេះ ក៏ត្រូវបានអនុញ្ញាតិឲ្យបញ្ជប់ការធ្វើចត្តាឡីស័កផងដែរ។

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅនេះ អ្នកសិល្បៈក្នុងប្រទេសកូរ៉េជាបន្តបន្ទាប់ បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ-១៩។ តែយ៉ាងណា បន្ទាប់ពីទទួលបានការព្យាបាល នៅខែសីហានេះ ពួកគេបានជាសះស្បើយ ជាបន្តបន្ទាប់ផងដែរ៕