(ភ្នំពេញ)៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ ពុំបានត្រឡប់មកមាតុភូមិវិញឡើយ ក្រោយបញ្ចប់ភារកិច្ចប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យ ឆ្នាំ២០២០ ដោយរូបគេត្រូវបន្ដស្នាក់នៅ និងហ្វឹកហាត់រយៈពេល ៨ខែនៅប្រទេសជប៉ុន រហូតដល់ស៊ីហ្គេម នៅវៀតណាម ដែលពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២។

ការបញ្ជាក់របស់កីឡាកររត់ល្បឿនចម្ងាយ ១០០ម៉ែត្រខាងលើ បន្ទាប់ពីរូបគេបានអវត្តមានក្នុងដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី០២ ខែសីហា ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម។

សុខគង់ បានបញ្ជាក់ថា ការហ្វឹកហាត់នៅជប៉ុននេះ ធ្វើឡើងក្រោមកិច្ចសហការរវាងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ជាមួយក្លិបកីឡាអត្តពលកម្ម Yumeomirai នាទីក្រុង Kanagawa ប្រទេសជប៉ុន ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា រហូតដល់ខែមេសា ឆ្នាំ២០២២ ត្រូវនឹងពេលវេលាប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ដែលពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២។

ជាមួយការហ្វឹកហាត់ ៨ខែនៅទឹកដីម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នេះ គឺជាបន្ទុករបស់ក្លិប Yumeomirai ដែលរ៉ាប់រង់ទាំងស្រុងលើការធ្វើដំណើរ ស្នាក់នៅ និងហូប-ចុក។ សុខគង់ បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីបង្កើនសមត្ថភាពឲ្យបានល្អប្រសើរត្រៀមការប្រកួតស៊ីហ្គេម នៅវៀតណាម ពិសេសសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ប៉ែន សុខគង់ បានបញ្ចប់ការប្រកួតកីឡាអូឡាំពិក ដោយឈរលេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ ៩នាក់លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ដោយប្រើថិរវេលា ១១.០២វិនាទី តែថិរវេលានេះ មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានក្នុងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីនឡើយ ដ្បិតកាលស៊ីហ្គេម គេប្រើថិរវេលាត្រឹម ១០.៨៧វិនាទីប៉ុណ្ណោះ លើវិញ្ញាសារត់ ១០០ម៉ែត្រដូចគ្នា៕