(ភ្នំពេញ)៖ កីឡាករកូនកាត់ខ្មែរ-នូវេលហ្សេឡង់ និងជាសមាជិកក្រុមជម្រើសជាតិ U-19 កម្ពុជា លឹម អារុណ រ៉េយមិន បានក្លាយជាអគ្គរដ្ឋទូតសុឆន្ទៈរបស់សហព័ន្ធកីឡាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផ្នែកទំនួលខុសត្រូវរបស់វិស័យកីឡាបាល់ទាត់ ចំពោះសង្គម (eGoal Social Responsibility Ambassador)។

FFC បានបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ លឹម អារុណ បានធ្វើបទបង្ហាញស្ដីពីតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វិស័យកីឡាបាល់ទាត់ ក៏ដូចជាយុវជននៅក្នុងសង្គម ចំពោះការជួយជ្រោមជ្រែង លើកស្ទួយ និងថែរក្សានិរន្តរភាពសម្រាប់បរិស្ថាន សង្គម និងសេដ្ឋកិច្ចតទៅថ្ងៃអនាគតប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង និងសារ សំខាន់ៗជូនយុវជន យុវនារី និងកុមារនៃអង្គការ Flame Cambodia។

ការចែករំលែកបទពិសោធ និងចំណេះដឹងក្នុងនាមទូតសុឆន្ទៈរបស់ AFC និង FFC នេះ ធ្វើឡើងតាមរយៈសិក្ខាសាលាតាម Online ដោយមានការចូលរួមពីលោក ឈូត ពិសិដ្ឋ តំណាងសហព័ន្ធ និងជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា, លោក លឹម គុណ ឪពុករបស់កីឡាករ លឹម អារុណ រួមទាំងថ្នាក់ដឹកនាំ យុវជន យុវនារី និងកុមារនៃអង្គការ Flame Cambodia ប្រមាណ ១៥នាក់ផងដែរ។

បន្ទាប់ចូលរួមកម្មវិធីទំនួលខុសត្រូវចំពោះសង្គមខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់សមាជិកក្រុមនាគខៀវបឹងកេតកីឡាករ លីម អារុណ រ៉េយមិន ដែលបានបំពេញតួនាទីខ្លួនប្រកបដោយជោគជ័យ៕