(ភ្នំពេញ)៖ អ្នកសិល្បៈល្បីជាច្រើន ព្រមទាំងបងប្អូនខ្មែរទូទៅ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ តាមរយៈសារលើបណ្តាញសង្គម បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់តារាជើងចាស់ ដ៏មានទេពកោសល្យ គឺព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដែលជាផលិតករភាពយន្ត និងជាអ្នកដឹកនាំចម្រៀងខារ៉ាអូខេ ដ៏ជំនាញមួយរូបរបស់កម្ពុជា ដោយលោកបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។

បើតាមលោក ហេង ឡុង បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះថា លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ទទួលមរណភាព នាយប់ថ្ងៃទី២ ខែសីហា ដោយរោគាពាធ (អវិជ្ជមានកូវីដ)។ បច្ចុប្បន្ន សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ កំពុងតម្តល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ៩៣B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជុំវិញដំណឹងមរណភាពរបស់អ្នកដឹកនាំឆ្នើមព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺជាការបាត់បង់សិល្បករមួយរូបដ៏មានទេពកោសល្យ ហើយការលាចាកលោករបស់ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ បានធ្វើឱ្យចង្កោមសិល្បៈទាំងមូល ជាពិសេសតារាប្រុសស្រីជាច្រើនរូប មានការសោកសៅ និងសោកស្ដាយជាខ្លាំង ដោយក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខដ៏សាច់ញាតិ ក៏ដូចជាក្រុមគ្រួសាររបស់លោកព្រឹទ្ធាចារ្យផងដែរ។

គួររំឭកថា លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺជាផលិតករដ៏មានទេពកោសល្យមួយរូប ក្នុងវិស័យភាពយន្តខ្មែរតាំងពីទសវត្ស៨០ ហើយលោកធ្លាប់ចូលរួមផលិតខ្សែភាពយន្ត ស្នាព្រះហស្ថសម្តេចព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ជាច្រើនរឿងផងដែរ ក្រោយមកលោកបានចូលបម្រើការងារនៅផលិតកម្មហង្សមាស ផ្នែកដឹកនាំរឿងខារ៉ាអូខេ រហូតមកដល់បច្ចុប្បន្ន៕