(ភ្នំពេញ)៖ ប្រទេសសមាជិកអាស៊ានទាំង ១០ បានជ្រើសរើសផ្កាតំណាងជាតិរបស់ខ្លួនមួយ ឬលើសពីមួយ ខណៈរុក្ខបុប្ផាទាំងនោះសុទ្ធមានលក្ខណៈពិសេសរៀងៗខ្លួន រាប់ទាំងក្លិននិងពណ៌ អត្ថន័យបុព្វហេតុជាតិ ទំនាក់ទំនងជាមួយវប្បធម៌និងការរស់នៅរបស់ប្រជាជន ព្រមតម្លៃបេតិកភណ្ឌជាតិដ៏ល្អផូរផង់ផងដែរ។

ខាងក្រោមនេះគឺជាផ្កាតំណាងប្រទេសសមាជិកអាស៊ានទាំង ១០៖

* ផ្ការំដួល (Rumduol)

ផ្ការំដួល ជាផ្កាតំណាងជាតិនៃប្រទេសកម្ពុជា ដែលជាគ្រឿងមង្គលដ៏ល្អផូរផង់បំផុតមួយតាំងពីបុរាណកាលមកម្ល៉េះ។ រុក្ខបុប្ផាប្រភេទនេះ គឺមានដុះស្ទើរតែពាសពេញប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ព្រៃ និងនៅក្នុងភូមិដ្ឋានប្រជា។ ផ្ការបស់វាមានពណ៌លឿង ត្របកផ្កាក្រាស់ រំលេចក្បូរក្បាច់គន់គាប់នេត្រា បើនិយាយអំពីក្លិនបុប្ផាវិញនោះ គឺក្រអូបឈ្ងុយឈ្ងប់ដិតជាប់អារម្មណ៍ ប្រៀបបាននឹងគ្រឿងរតនៈ។

ប្រជាពលរដ្ឋខ្មែរយើងបានចាត់ទុកផ្ការំដួលប្រៀបប្រដូចទៅនឹងខេមរនារី (ស្ត្រីខ្មែរ) ដែលមានចរិយាមាយាទល្អ ទន់ភ្លន់ សុភាពរាបសា មានរូបសម្ផសល្អស្រស់សោភា។ ប្រជាជនខ្មែរទាំងនៅក្នុងប្រទេស និងនៅប្រទេសក្បែរខាង ច្រើននិយមប្រើប្រាស់ផ្កានេះក្នុងពិធីមង្គលសួស្ដី ឬពិធីកម្មសាសនារបស់ខ្លួន ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីក្រុងពាលី ពិធីបួងសួង ក៏ដូចជាពិធីបង្កក់សិរីផ្សេងៗ។

ផ្ការំដួលនេះទៀតសោត ក៏បានផ្សារភ្ជាប់យ៉ាងសំខាន់ទៅនឹងសោភ័ណភាព ក្បូរក្បាច់រចនា វប្បធម៌ សិល្បៈ ចម្រៀង ស្ថាបត្យកម្មនៃប្រជាជនខ្មែរផងដែរ តួយ៉ាងគេសង្កេតឃើញមានក្បាច់ផ្ការំដួលជាមួយសិល្បៈគំនូរ និងក្បាច់ចម្លាក់នៅតាមប្រាសាទ ដូចជានៅប្រាសាទបន្ទាយស្រី ចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។

បច្ចុប្បន្ន នៅតាមទីសួនសាធារណៈ តំបន់បេតិកភណ្ឌអង្គរ នៅតាមទីស្ដីការក្រសួង-ស្ថាប័ន ទីស្នាក់ការមួយចំនួ ន ក៏បាននិយមដាំដើមផ្ការំដួលនេះយ៉ាងផុសផុលផងដែរ។

* ផ្ការាជព្រឹក្ស (Golden Shower)

ផ្ការាជព្រឹក្ស គឺជាផ្កាតំណាងជាតិថៃ ដែលបានសម្រេចជ្រើសរើសនៅអំលុងខែតុលា ឆ្នាំ២០០១។ ប្រជាជនថៃមួយចំនួនហៅផ្កានេះថា «ផ្ការាជវង្ស» រីឯប្រជាជនខ្មែរយើង អ្នកខ្លះហៅថា «ផ្ការាជព្រឹក» អ្នកខ្លះទៀតក៏ហៅថា «ផ្កាលឿងរាជ» ឬ «ផ្ការាជឆ្ពឹស» ក៏មាន។ វាជាប្រភេទរុក្ខជាតិដែលមានអាយុវែង និងងាយស្រួលក្នុងការដាំដុះ រីឯផ្ការបស់វាគឺមានពណ៌លឿងស្រស់។ ផ្កាមង្គលប្រភេទនេះ ត្រូវបានប្រជាជនថៃនិយមប្រើប្រាស់ក្នុងពិធីកម្មផ្សេងៗ ខណៈផ្កាពណ៌លឿងប្រភេទនេះ គឺមានអត្ថន័យតំណាងព្រះពុទ្ធសាសនានៅប្រទេសថៃ និងតំណាងឱ្យព្រះមហាក្សត្រថៃ ពិសេសគឺព្រះបាទសម្ដេច ភូមិបុលអតុល្យតេជៈ រាមាទី៩ (ថ្ងៃដែលស្ដេចរាមាទី៩ប្រសូត្រនោះ គឺចំថ្ងៃដែលតំណាងដោយពណ៌លឿង)។

* ផ្កាម្លិះ (Jasmine)

ផ្កាម្លិះ គឺជាផ្កាតំណាងជាតិហ្វីលីពីន ដែលត្រូវបានជ្រើសរើសតាំងពីឆ្នាំ ១៩៣៤ មកម្ល៉េះ។ ជនជាតិហ្វីលីពីនហៅផ្កាម្លិះថា «Sampaguita» ដោយពួកគាត់ចាត់ទុកផ្កាប្រភេទនេះតំណាងឱ្យមិត្តភាព និងសោភ័ណភាព។ ស្ត្រីដែលសុភាពរាបសា ស្រស់សោភា ត្រូវបានគេប្រៀបប្រដូចទៅនឹងផ្កាម្លិះនេះ។

* ផ្ការំយោល (Red Hibiscus)

ផ្ការំយោល គឺជាផ្កាតំណាងជាតិម៉ាឡេស៉ី ដែលត្រូវបានជ្រើសរើសតាំងពីឆ្នាំ ១៩៦០។ អ្នកស្រុកម៉ាឡេចាត់ទុកពណ៌ក្រហមតំណាងឱ្យសេចក្ដីក្លាហាន ដែលជាពណ៌នៅលើផ្កានេះ។ ផ្ការំយោលក៏មានដុះពាសពេញប្រទេសម៉ាឡេស៉ីផងដែរ។

* ផ្កាវណ្ដាមីសចាកឃ្វីម (Vanda Miss Joaquim)

ផ្កានេះជាផ្កាតំណាងជាតិសិង្ហបុរី ដោយដាក់ឈ្មោះតាម Agnes Joaquim អ្នកដែលរកឃើញផ្កានេះដំបូង។ រដ្ឋាភិបាលសិង្ហបុរីបានជ្រើសរើសផ្កានេះជាផ្កាតំណាងជាតិខ្លួន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨១។ ផ្កាវណ្ដាមីសចាកឃ្វីម មានផ្ការីកពេញមួយឆ្នាំ ដែលបង្ហាញពីមានភាពរឹងមាំ ភាពរីកចម្រើន និងភាពសម្បូរបែបសម្រាប់ផ្នត់គំនិតរបស់ជនជាតិសិង្ហបុរី។

* ផ្កាកេសរកូលរាត្រី (Moon Orchid)

ផ្កាកេសរកូលរាត្រី រួមជាមួយផ្កាម្លិះ និងផ្ការ៉ាហ្វហ្វលសៀ (Rafflesia) គឺជាផ្កាតំណាងជាតិឥណ្ឌូណេស៉ី ដែលត្រូវបានប្រកាសជ្រើសរើសនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩០ ចំថ្ងៃទិវាបស្ថានអន្តរជាតិ។ ផ្កាកេសរកូលនេះ បើតាមភាសាបច្ចេកទេស គេហៅថា «ផ្កាអ័រគីដេ» ដូច្នេះផ្កាកេសរកូលរាត្រី យើងក៏អាចហៅថា «ផ្កាអ័រគីដេរាត្រី» ក៏បានដែរ។

* ផ្កាស៉ីមព័រ (Simpor)

ថ្វីដ្បិតប្រទេសព្រុយណេមិនទាន់ប្រកាសជ្រើសរើសផ្កាតំណាងជាតិជាផ្កូវការក៏ដោយ ប៉ុន្តែផ្កាស៉ីមព័រត្រូវបានរដ្ឋាភិបាលប្រទេសដែនកោះមួយនេះ ដាក់បញ្ចូលក្នុងក្រដាសប្រាក់ ១ ដុល្លារព្រុយណេ រួចទៅហើយ ពីព្រោះតែវាក៏ជាអត្តសញ្ញាណដ៏សំខាន់មួយរបស់ប្រជាជនព្រុយណេផងដែរ។

* ផ្កាឈូក (Pink Lotus)

ដូចយើងដឹងស្រាប់ហើយថា «ផ្កាឈូក» មានដល់ទៅពីរពណ៌ឯណោះ គឺ «ផ្កាពណ៌ស» និង «ផ្កាពណ៌ស៉ីជម្ពូ» ក្នុងនោះប្រភេទផ្កាពណ៌ស៉ីជម្ពូ គឺតំណាងជាតិវៀតណាម។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំឱ្យប្រជាជនខ្លួនចូលរួមបោះឆ្នោតជ្រើសរើសផ្កាតំណាងជាតិនៅឆ្នាំ២០១០ ក្នុងនោះផ្កាឈូកពណ៌ស៉ីជម្ពូត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសច្រើនជាងគេ។ នៅក្នុងវប្បធម៌វៀតណាម ផ្កាឈូក គឺតំណាងឱ្យគុណធម៌ និងភាពបរិសុទ្ធ។

* ផ្កាគ្រញូង (Padauk)

ផ្កាគ្រញូង គឺជាផ្កាតំណាងជាតិមីយ៉ាន់ម៉ា-ភូមា ដែលមានក្លិនក្រអូបប្រហើរ មានពណ៌មាស ដោយច្រើនចេញផ្កានៅដើមខែមេសា ពោលគឺនៅអំលុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីភូមា។ ប្រជាជនមីយ៉ាន់ម៉ាហៅផ្កានេះថា ផាដោក (Padauk)។ ផ្កានេះតំណាងឱ្យភាពរឹងមាំ ភាពអត់ធ្មត់ និងសេចក្ដីស្នេហានៅក្នុងវប្បធម៌ភូមា។ ប្រជាជនមីយ៉ាន់ម៉ាក៏និយមប្រើផ្កាគ្រញូងក្នុងពិធីបុណ្យជាតិ ពិធីសាសនារបស់ខ្លួនផងដែរ។

* ផ្កាចំប៉ី (Plumeria)

ផ្កាចំប៉ី ជាផ្កាតំណាងជាតិឡាវ។ ថ្វីដ្បិតប្រជាជនខ្មែរយើងហៅផ្កានេះថាផ្កាចំប៉ីក៏ដោយ ប៉ុន្តែប្រជាជនឡាវហៅថា ផ្កាចម្ប៉ា (Dok Champa) ទៅវិញ។ ផ្កាចំប៉ីខ្មែរឬចម្ប៉ាឡាវនេះមានដុះស្ទើរពាសពេញប្រទេសចាប់ពីភាគខាងជើងរហូតដល់ភាគខាងត្បូង។ សម្រាប់ប្រជាជនឡាវ ពួកគេចាត់ទុកផ្កាចម្ប៉ាឡាវតំណាងឱ្យភាពរីករាយ ភាពស្មោះត្រង់ និងការតស៊ូ ពីព្រោះវាជានិម្មិតរូបនៃការតស៊ូប្រឆាំងនឹងអាណានិគមបារាំង។ គេបាននិពន្ធបទចម្រៀងស្នេហាជាតិក្នុងពេលតស៊ូទាមទារឯករាជ្យ ដោយបទចម្រៀងនោះមានចំណងជើងថា «ដួងចំប៉ា»៕