(មីឡែន)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា មានគោលការណ៍ងាកមកចាប់អារម្មណ៍ចង់ទិញខ្សែប្រយុទ្ធមាឌធំ Romelu Lukaku ពីក្លិប Inter Milan ដែលមានបំណងធ្វើការផ្លាស់ប្តូរមួយរវាងកីឡាករខ្សែការពារ Marco Alonso រួមជាមួយទឹកប្រាក់ប្រមាណ ៨៨លានផោន ស្មើនឹង ១២២លានដុល្លារ។ នេះបើតាមប្រភពពី Daily mail នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

ស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel បានកំពុងពិចារណាក្នុងការទិញខ្សែប្រយុទ្ធមួយនៅទីផ្សារដោះដូរដូវក្តៅខាងមុខនេះ ខណៈទឹកប្រាក់ ១២២លានដុល្លារត្រូវបានស្ថិតជាដៅមួយសម្រាប់ការដោះដូរនេះតែក៏ត្រូវបាន Inter Milan មិនបានបង្ហាញការចរចាណានោះទេ គ្រាដែលអះអាងថា ខ្សែប្រយុទ្ធជួរមុខ Romelu Lukaku នឹងស្នាក់នៅអីតាលីបន្តទៀត។

គោលការណ៍នេះក៏ត្រូវបានគេបង្ហាញថា Chelsea បានងាកចេញពីការចង់បាន Erling Haaland ដែលត្រូវបានក្លិប Borussia Dotmund បដិសេធសំណើ ខណៈ LuKaku បានរួមចំណែកជួយក្លិប Inter Milan លើកពានលីគអ៉ីតាលី Serie A កាលពីរដូវកាលមុនដោយស៊ុតបាន ២៤គ្រាប់ ដែលជាអតីតខ្សែប្រយុទ្ធម្នាក់ត្រូវក្លិប Chelsea លក់ទៅក្លិប Everton កាលឆ្នាំ២០១៤ ហើយជាកីឡាករដែលចុះកិច្ចព្រមព្រៀងតម្លៃប្រមាណ ៧៣លានផោនពីក្លិប Manchester United កាលឆ្នាំ២០១៩៕