(តូក្យូ)៖ ជប៉ុន បន្តរកបានមេដាយមាសលើវិញ្ញាសាប្រដាល់សកលផ្នែកនារី នៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics 2020 ដោយគិតត្រឹមម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ក្រុមអត្តពលិកចិន នៅតែបន្តឈរយ៉ាងរឹងមាំនៃកំពូលតារាងដដែល ដោយរកបានមេដាយមាស ២៩គ្រឿងបណ្តោះអាសន្ន សរុបទាំងប្រាក់ និងសំរិទ្ធមានដល់ទៅ ៦៣គ្រឿង។

ការរកបានមេដាយមាសលើវិញ្ញាសាប្រដាល់សកលផ្នែកនារីនេះ កីឡាការិនី Sena Irie បានយកឈ្នះគូប្រជែងហ្វីលីពីន Nesthy Petecio ដែលជាម្ចាស់ជើងឯកកម្រិតពិភពលោក និងកម្រិតអាស៊ីយ៉ាងអស្ចារ្យដែលធ្វើឲ្យជប៉ុន រកបានមេដាយមាសកម្រិត Olympic លើកដំបូងវិញ្ញាសាប្រដាល់សកលផ្នែកនារី ដែល Sena Irie ធ្វើបានត្រឹមវ័យ ២០ឆ្នាំនៃលំដាប់ពិន្ទុ ៥-០ នៃកីដ្ឋាន Kokugikan Arena។

ដោយឡែកគិតត្រឹមម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ក្រុមអត្តពលិកចិននៅតែបន្តរកបានមេដាយមាស ២៩គ្រឿង, ប្រាក់ ១៨គ្រឿង និងសំរិទ្ធ ១៦គ្រឿង ក្នុងចំណោមសរុប ៦៣គ្រឿង ខណៈក្រុមសហរដ្ឋអាមេរិក រកបានមេដាយមាស ២២គ្រឿង, ប្រាក់ ២៧គ្រឿង និងសំរិទ្ធ ១៧គ្រឿង ដោយសរុប ៦៦គ្រឿងច្រើនជាងគេក្នុងចំណោម ២០៨ប្រទេសផ្សេងទៀត ហើយក្រុមម្ចាស់ផ្ទះជប៉ុន នៅតែឈរលេខរៀងទី៣ មានមេដាយមាស ១៨គ្រឿង, ប្រាក់ ៦គ្រឿង និងសំរិទ្ធ ១០គ្រឿងសរុបបណ្តោះអាសន្ន៕