(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានស្ថាប័នវិភាគទិន្នន័យអន្តរជាតិ IDC បង្ហាញថា បានធ្លាក់ចំណាត់ថ្នាក់ពីលេខ២ មកនៅទី៣ នៃតារាងក្រុមហ៊ុនស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតក្នុងត្រីមាសទី២ ឆ្នាំនេះ ប៉ុន្តែបើយើងក្រឡេកទៅមើលការលក់ឧបករណ៍ Tablet វិញ Apple គឺស្ថិតនៅលេខរៀងទី១។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Apple លក់ iPad បានច្រើនជាងការលក់ឧបករណ៍ Tablet របស់ Samsung និង Amazon បូករួមបញ្ចូលគ្នា។

របាយការណ៍ IDC បានបង្ហាញថា នៅក្នុងត្រីមាសចុងខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Apple លក់ iPad បានចំនួន ១២.៩លានគ្រឿង ខណៈ Samsung និង Amazon បូករួមបញ្ចូលគ្នាបានត្រឹមតែ ១២.៣លានគ្រឿងប៉ុណ្ណោះ។

យោងតាមការបញ្ជាក់ពី IDC នៅក្នុងត្រីមាសទី២ ឆ្នាំនេះ មាន ឧបករណ៍ Tablet ចំនួន ៤០.៥លានគ្រឿងត្រូវបានលក់ បើធៀបទៅនឹងឆ្នាំមុនកើនឡើងជាង ៤ភាគរយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple រកចំណូលបានប៉ុន្មានពីការលក់ iPad នោះទេ ប៉ុន្តែកាលពីត្រីមាសមុន Apple បានប្រកាសថា នៅក្នុងត្រីមាសចុងខែមិថុនាឆ្នាំនេះ iPad អាចនឹងរកចំណូលបានរហូតដល់ ៧.៣៦ពាន់លានដុល្លារអាមេរិក៕