(អាមេរិក)៖ លោក Jeff Bezos ត្រូវបានគេរាយការណ៍មកថា បានបាត់បង់តំណែងលេខ១ ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើផែនដី បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Market Watch នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

ស្ថាបនិកក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិករូបនេះ បាត់បង់ប្រាក់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ចំនួន ១៣.៩ពាន់លានដុល្លារ នៅក្នុងតែ មួយថ្ងៃ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ ហើយការធ្លាក់ចុះនេះត្រូវបានគេដឹងថាមកពីប្រាក់ចំណូល និងចំណេញរបស់ Amazon ទទួលបាននៅក្នុងត្រីមាសទី២ ទាបជាងការរំពឹងទុក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានខាងលើបានឱ្យដឹងថា លោក Bernard Arnault កំពូលមហាសេដ្ឋីបារាំងបានឡើងកាន់តំណែង លេខ១ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៩៥.៨ពាន់លានដុល្លារ ខណ:លោក Jeff Bezos មានត្រឹមតែ ១៩២.៦ពាន់លានដុល្លារ។

ប៉ុន្តែបើយើងក្រឡេងទៅមើលតារាងកំពូលមហាសេដ្ឋីរបស់ទស្សាវដ្ដី Forbes វិញគឺលោក Jeff Bezos នៅតែរក្សាបានតំណែងលេខ១ដដែលសម្រាប់ថ្ងៃនេះ (ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១) ជាមួយនឹងទ្រព្បសម្បត្តិសរុបចំនួន ១៧៧ពាន់ លានដុល្លារអាមេរិក៕