(អាមេរិក)៖ បើទោះបីជាមានការរាតត្បាតនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ប៉ុន្តែខ្សែភាពយន្តថ្មី របស់ផលិតកម្ម Walt Disney មានចំណងជើងថា «Jungle Cruise» (ចាំងហ្គល គ្រូស) ដែលចូលរួមសម្តែងដោយតារាល្បី The Rock និង Emily Blunt នៅតែទាក់ទាញអ្នកចូលទស្សនា តាមរោងកុនបានច្រើន ដែលធ្វើឲ្យប្រាក់ចំណូលទទួលបានខ្ពស់ជាងការរំពឹងទុក ពោលគឺចំនួន ៣៤.១លានដុល្លារ ពីទីផ្សារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

ភាពយន្ត «Jungle Cruise» នេះ ដំបូងឡើយត្រូវបានគេសន្និដ្ឋានថា តាមរយៈការចាក់បញ្ចាំងដំបូង ទំនងជាទទួលបានប្រាក់ចំណូលចន្លោះពី ២៥ទៅ៣០លានដុល្លារ ពីទីផ្សារក្នុងស្រុក និងប្រមាណ៤០លានដុល្លារ ពីទីផ្សារនៅក្រៅប្រទេស។ ក៏ប៉ុន្តែរបាយការណ៍ថ្មីនៅពេលនេះ បានបញ្ជាក់ថា ប្រាក់ចំណូលដែលទទួលបានតាមរយៈការចាក់បញ្ចាំង កាលពីចុងសប្តាហ៍កន្លងទៅ គឺទទួលបានច្រើនជាង៣៤.១លានដុល្លារអាមេរិក ពីទីផ្សារក្នុងស្រុក និងចំណូលពីការចាក់បញ្ចាំងជុំវិញពិភពលោក គឺទទួលបានសរុប៩០លានដុល្លារអាមេរិក។

គួរជម្រាបថា ក្នុងភាពយន្តថ្មីនេះ មានការចូលរួមពីតារាសម្ដែងស្រី Emily Blunt (អេមីលី ប្លាន់) ដើរតួជាអ្នកផ្សងព្រេងម្នាក់ ត្រូវបំពេញបេសកកម្ម ក្នុងការស្វែងរកដើមឈើបុរាណមួយដើម មានសមត្ថភាព ព្យាបាលជំងឺជាច្រើនមុខរបស់មនុស្ស ខណៈតារាសម្ដែង The Rock បានដើរតួធ្វើជាម្ចាស់ទូកម្នាក់ ដែលជូនដំណើរតួឯកស្រី ទៅស្វែងរកដើមឈើនោះ។ ប្រសិនបើភាពយន្ត «Jungle Cruise» នេះ ទទួលបានជោគជ័យ ខាងផលិតកម្មពិចារណាថា នឹងផលិតវាចេញជាស៊េរីដូចជាភាពយន្តចោរសមុទ្រ «Pirates of the Caribbean» អ៊ីចឹងដែរ៕