(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួអាគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំស្ទើរទាំងស្រុង អស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។

ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១ មកនេះ គឺមិនបានធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ គេគ្រាន់តែធ្វើកំណាយពំនូកកម្ទេចឥដ្ឋចេញ ដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គម្រោងនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ ខាងមុខ៕