(អាមេរិក)៖ នៅមុននេះ WhatsApp បានសាកល្បងដាក់ឱ្យប្រើនូវមុខងារថ្មីមួយដែលមានឈ្មោះថា «View Once ឬ មើលតែម្ដង» នៅលើប្រព័ន្ធដំណើរការ Android និង iOS ដោយឡែកនៅពេលនេះ Facebook ដែលជាមេធំរបស់ WhatsApp បាន ប្រកាសជាផ្លូវការថា មុខងារមួយនេះគឺត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីសប្ដាហ៍តទៅ។

View Once ឬ មើលតែម្ដង ជាមុខងារថ្មីមួយដែល WhatsApp បង្កើតឡើងសម្រាប់ផ្ដល់ភាពងាយស្រួលអ្នកដល់អ្នកប្រើប្រាស់ និង ដើម្បី សុវត្ថិភាពក្នុងការផ្ញើសារផងដែរ។ View Once គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជារូបភាព និងវីដេអូទៅកាន់នរណាម្នាក់ ហើយ វានឹងលុបរូបភាព ឬវីដេអូនោះចោលភ្លាមៗ ក្រោយពេលដែលអ្នកទទួលបានចុចមើល ឬបានឃើញ ។

កាលពីប៉ុន្មានខែមុននេះ WhatsApp បានដាក់ឲ្យប្រើប្រាស់មុខងារលុបសារដោយស្វ័យប្រវត្តិនៅក្នុងរយៈពេល ៧ថ្ងៃ ដោយឡែកមុខងារថ្មីនេះគឺត្រូវបានដាក់ឲ្យប្រើបន្ថែមពីលើមុខងារចាស់ ដោយតែ WhatsApp បានយល់ឃើញថា មានសារមួយចំនួនគឺសំខាន់ណាស់ ដូច្នេះត្រឹមតែបានឃើញម្ដងគឺគ្រប់គ្រាន់ហើយ ជាពិសេសគឺដើម្បីសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅនេះ កម្មវិធី WhatsApp បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយដែល មាន ឈ្មោះថា «Group Call» ដោយវាមានលក្ខណៈខុសប្លែកពីកម្មវិធីផ្សេងបន្តិច ដោយសារតែអ្នកប្រើប្រាស់អាចចូលទៅប្រើមុខងារនេះបាន នៅពេលដែលខលទៅកាន់នរណាម្នាក់រួចហើយ ទើបអាច Add នរណាម្នាក់ទៀតចូល ដើម្បីបង្កើតជា Group Call៕