(ចិន)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba Group Holding Ltd បានប្រកាសឱ្យដឹងថា នៅត្រីមាសចុងខែមិថុនាកន្លងទៅនេះ ប្រាក់ចំណូលដែលទទួលបានគឺទាបជាងការរំពឹងទុក ដោយសារតែអាជីវកម្មអនឡាញរបស់ខ្លួន បាន ជួបផលប៉ះពាល់តាមរយ:ការកើនឡើងនូវដៃគូប្រកួតប្រជែង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba នៅត្រីមាសចន្លោះខែមេសា និងមិថុនា បានកើនឡើងប៉ុន្តែទាបជាងការរំពឹងទុក ដោយក្នុងនោះ ហេតុផងដែលនាំឱ្យតិចជាងការរំពឹងទុកគឺដោយសារតែតំបន់មួយចំនួនត្រូវបានបន្ធូរបន្ថយនៃច្បាប់រឹតបន្តឹងកូវីដ១៩ ដោយមនុស្សភាគច្រើន អាចចេញពីផ្ទះ និងទិញទំនិញតាមហាងបាន ដូច្នេះទិញតាមអនឡាញត្រូវបានធ្លាក់ចុះ មួយវិញទៀតគឺដោយសារតែដៃគូប្រកួតប្រជែងដូចជា JD.Com Inc និង Pinduoduo Inc ហាក់មានប្រជាប្រិយភាពជាងនៅក្នុងត្រីមាស នេះ។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមហ៊ុន Alibaba រកចំណូលបាន ១៨០.២៤ពាន់លានយន់ ពីការលក់អនឡាញ និងបានកើនឡើង ៣៥ភាគរយ ប៉ុន្តែទាបជាងការរំពឹងទុកដែលមានរហូតដល់ ១៨៤.២៣ពាន់លានយន់ ខណ:ដែលប្រាក់ ចំណូលសរុប នៅក្នុងត្រីមាសខែមេសា-មិថុនាមានចំនួន២០៥.៧៤ពាន់លានយន់ (ប្រហែល ៣១.៨៣ពាន់លានដុល្លារ)។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba បានជួបបញ្ហាជាមួយនឹងរដ្ឋាភិបាលចិនផងដែរ ដោយក្នុងនោះនិយតករចិនបានរកឃើញថា Alibaba បានប្រើឥទ្ធពលរបស់ខ្លួនដើម្បីធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ និងបានផាកពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកទៀតផង៕