(តូក្យូ)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងស៊ើបអង្កេតលើអត្តពលិកចិន២នាក់ ដែលបានពាក់រូបអតីតមេដឹកនាំចិន លោក ម៉ៅ សេទុង នៅលើអាវ កំឡុងពិធីទទួលមេដាយមាសនៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020 ដែលស្ថិតលើវិញ្ញាសាប្រណាំងកង់។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
អ្នកពាក្យបានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានទាក់ទងទៅកាន់គណៈកម្មាធិការអូឡាំពិករបស់ប្រទេសចិន (China) ដើម្បីសុំរបាយការណ៍ពាក់ព័ន្ធ នឹងករណីនេះ។ អត្តពលិកទាំង២នាក់នោះមានកីឡាការិនី Bao Shanju និង Zhong Tianshi បានឈ្នះមេដាយមាស ក្នុងវិញ្ញាសាប្រណាំងកង់ផ្នែកនារី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
គួរបញ្ជាក់ថា បើតាមមាត្រា ៥០នៃធម្មនុញ្ញកីឡាអូឡាំពិក កាយវិការដូចខាងលើនេះ គឺអាចចាត់ទុកជាការប្រព្រឹត្តបំពានមួយ ដោយនៅក្នុងនោះបានចែងថា ការបង្ហាញពីនិន្នាការនយោបាយក្នុងទម្រង់ណាមួយក៏ដោយ នៅកំឡុងការប្រកួតឬពីធីទទួលមេដាយនៃព្រឹត្តិការណ៍អូឡាំពិក គឺមិនត្រូវបានអនុញ្ញាតនោះឡើយ៕