(អាមេរិក)៖ តារាម៉ូដែលល្បីឈ្មោះបោះសំឡេងរបស់អាមេរិក Kendall Jenner ត្រូវបានក្រុមហ៊ុនសម្លៀកបំពាក់ល្បីមួយនៅអ៉ីតាលី គឺម៉ាក Liu Jo ប្តឹងពីបទរំលោភកិច្ចសន្យាផ្នែកថតម៉ូដែល។ បើតាមពាក្យបណ្តឹង តារាម៉ូដែលរូបនេះ ត្រូវបានក្រុមហ៊ុនម៉ាកល្បីខាងលើ ទាមទារសំណងខូចខាត ១.៨លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

ពាក្យបណ្តឹងនេះ ត្រូវបានក្រុមហ៊ុនម៉ាក Liu Jo ដាក់ទៅកាន់តុលាកាអាមេរិក ក្នុងតំបន់ Manhattan នៅថ្ងៃច័ន្ទសប្តាហ៍នេះ ដោយបានអះអាងថា Jenner បានរំលោភកិច្ចសន្យាជាមួយខ្លួន ព្រោះក្នុងការព្រមព្រៀងគ្នា តារារូបនេះត្រូវថតរូបឲ្យក្រុមហ៊ុនចំនួន២ដង ប៉ុន្តែនាងថតបានតែមួយលើកប៉ុណ្ណោះ ដោយមិនបានថតលើកទី២ទេ ខណៈពេលវេលាថតលើកទី២ គឺត្រូវបានផុតកំណត់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

បើតាមពាក្យបណ្តឹង គឺក្រុមហ៊ុនម៉ាក Liu Jo ទាមទារសំណងការខូចខាតចំនួន ១.៨លានដុល្លារអាមេរិក។ ក្រុមហ៊ុនដដែលបានអះអាងថា ខ្លួនបានបង់ប្រាក់ទៅឲ្យតារាម៉ូដែលរូបនេះនូវទឹកប្រាក់ចំនួន ១.៣៥លានដុល្លារអាមេរិក សម្រាប់ថ្លៃថតលើកទី១ កាលពីឆ្នាំ២០១៩ ហើយលើកទី២ ក្រុមហ៊ុនបានពន្យារពេលឲ្យនាងម្តងហើយម្តងទៀត ប៉ុន្តែតារារូបនេះមិនមានការឆ្លើយតប ឬទទួលខុសត្រូវនោះទេ។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ Reuters មិនអាចទាក់ទងទៅកាន់ តារាម៉ូដែលវ័យ២៥ឆ្នាំ ដែលជាប់ឈ្មោះជាតារាម៉ូដែលម្នាក់ រកប្រាក់បានច្រើនបំផុតលើពិភពលោក Jenner បាននោះទេ៕