(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានទទួលផ្លូវរត់អត្តពលកម្មចំនួន ៨ខ្សែបន្ទាត់ ក្រោយជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង KISANONE។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា ក្រោយបញ្ចប់ការសាងសង់កាលពីថ្មីៗ។

ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវរត់អត្តពលកម្មនេះបានសាងសង់ផ្ទាល់នៅជិតទីលានបាល់ទាត់ ក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលគម្រោងនេះ បានទទួលការគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាផងដែរ។

ថ្នាក់ដឹកនាំអគ្គនាយករដ្ឋានកីឡា បានសម្ដែងការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងស្ថានទូតជប៉ុន ដែលបានជំរុញ និងផ្ដល់នូវជំនួយឥតសំណង នៃការសាងសង់ផ្លូវរត់អត្តពលកម្មស្ដង់ដារនេះឡើង ដើម្បីរួមចំណែកលើកស្ទួយការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មកម្ពុជាកាន់តែរីកចម្រើន៕