(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ត្រូវបានពន្យារពេលជាថ្មីទៀតហើយ បន្ទាប់ពីមានការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ពិសេសជំងឺបម្លែេងថ្មីប្រភេទដែលតា (Delta) ដែលនាំឲ្យការប្រកួតត្រូវផ្អាកបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី១២ ខែសីហា ដ្បិតការប្រកួតសន្សំពិន្ទុ ជុំទី១ នៅសល់ ២សប្ដាហ៍ទៀតទើបបញ្ចប់។ ដូច្នេះតើការប្រកួតលីគ ជុំទី២ ឆ្នាំនេះ អាចនឹងប្រើរូបមន្ដឆ្នាំចាស់ ដូចកាលពីឆ្នាំ២០២០ ដែលឬទេ?

លីគឆ្នាំនេះ ក៏មិនខុសពីឆ្នាំ២០២០ ដែរដែលមាន ១៣ក្លិបចូលរួម និងគ្រោងប្រកួត ២ជុំ ដើម្បីកំណត់ក្រុមជយលាភី។ ប៉ុន្ដែរដូវកាលមុន ដោយសារវិបត្តិកូវីដ-១៩ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងក្លិបសមាជិកបានឯកភាពគ្នាកែប្រែរូបមន្ដប្រកួតជុំទី២ ដោយបែងចែកក្រុម Top-6 និង 7-Bottom មានន័យថា ក្រុមឈរលេខ១ ដល់លេខ៦ នៃជុំទី១ ត្រូវបន្ដការប្រកួតសន្សំពិន្ទុ ១ជុំ ដើម្បីដណ្ដើមជើងឯក ខណៈក្រុមលេខ៧ ដល់លេខ១៣ ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់ល្អ តែក្រោយចប់ការប្រកួតជុំទី២ ក្រុមឈរលេខ១៣ ត្រូវបានកាត់ចេញ។

ក្រឡេកមកចាប់អារម្មណ៍ស្ថានភាពបច្ចុប្បន្នវិញ លីគកំពូលកម្ពុជា ក៏ហាក់មិនអំណោយផលក្នុងដំណើរការប្រកួតសន្សំពិន្ទុទាំង ២ជុំ រហូតដល់ចប់រដូវកាលដែរ បន្ទាប់ពីការប្រកួតត្រូវបានពន្យារពេលម្ដងហើយម្ដងទៀត ស្របពេលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅមិនទាន់មានសញ្ញាណថមថយនៅឡើយ ពិសេសក្រោយផ្ទុះនូវជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍។ ដោយហេតុនេះ ការប្រកួតលីគ នៅជុំទី២ ត្រូវបានគេរំពឹងថា ទំនងចៀសមិនផុតពីការប្រើរូបមន្ដឆ្នាំចាស់ ដើម្បីកាត់បន្ថយចំនួនប្រកួត និងបញ្ចប់រដូវកាលនោះទេ។

ទន្ទឹមជាមួយគ្នា មានប្រភពព័ត៌មានមួយបានបង្ហើបថា ពាក់ព័ន្ធនឹងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជាឆ្នាំនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏ដូចជាក្លិបសមាជិកទាំង ១៣រហូតដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបជុំប្រជុំពិភាក្សា និងសម្រេចនូវរូបមន្ដប្រកួតជាបឋមសម្រាប់ជុំទី២ រួចហើយ ដោយគ្រោងប្រើរូបមន្ដប្រកួតស្រដៀងឆ្នាំមុនដែរ ពោលគឺបែងចែកក្រុមលំដាប់កំពូលតារាង និងក្រុមលំដាប់បាតតារាង ប៉ុន្ដែអាចនឹងមានការបែងចែងកម្រិតក្រុមខុសគ្នាបន្ដិច បន្ទាប់ពីគេសង្កេតឃើញក្រុមនីមួយៗមានការប្រកួតប្រជែងគ្នាខ្លាំងជាងមុន។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១១ គេឃើញក្រុមលំដាប់កំពូលតារាង កំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ពិសេសក្រុម Top-6 ដែលមានពិន្ទុប្រកៀកប្រកិតគ្នា ក្នុងនោះក្រុមវិសាខា ឈរលេខ១ មាន ២២ពិន្ទុ ខណៈបឹងកេត ឈរលេខ២ មាន ២១ពិន្ទុ, ក្រុមអង្គរថាយហ្គឺរ ឈរលេខ៣ មាន ២០ពិន្ទុ, ក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ ឈរលេខ៤ និងលេខ៥ មាន ១៩ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួតដូចគ្នា។ រីក្រុមភ្នំពេញក្រោន ឈរលេខ៦ មាន ១៨ពិន្ទុ តែអតីតក្រុមជើងឯក ៦សម័យនេះ ទើបប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ៕