(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងសំនៀងពីរោះក្នុងផលិតកម្មសាន់ដេ ចូលចិត្តបង្ហាញភាពសិចស៉ី បញ្ចេញសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់លើបណ្តាញសង្គម គឺកញ្ញា វីរៈ និច្ច បានរកស្នេហ៍ពិតឃើញហើយ បន្ទាប់ពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយគូស្នេហ៍របស់ស្រីស្អាតរូនបនេះ ជាថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម នាខេត្តព្រះសីហនុ និងបាននាំចាស់ទុំមកចូលចែចូវចូលស្ដីដណ្ដឹង តាមច្បាប់ប្រពៃណីខ្មែរនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ។

តារាចម្រៀង ខាន់ ជេមស៍ ដែលបានទៅចូលរួមផ្ទាល់ ក្នុងពិធីចែចូវលក្ខណៈគ្រួសារនាព្រឹកមិញនេះ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា គូដណ្តឹងរបស់កញ្ញា វីរៈ និច្ច មិនមែនអ្នកសិល្បៈនោះទេ ពោលគឺជាថៅកែ ផ្ទះសមណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម ដែលមានឈ្មោះថា ខៀវ ពេជ្រ អាយុ២៩ឆ្នាំ។ អ្នកទាំងពីរ មិនមែនចាស់ទុំផ្សំផ្គុំនោះទេ ពោលគឺបានស្រឡាញ់ស្វែងយល់ និងមើលចិត្តថ្លើមគ្នាទៅវិញទៅមក ជាយូរឆ្នាំមកហើយ។

លោក ខាន់ ជេមស៍ បានបន្តទៀតថា តាមពិតចំពោះថ្ងៃមង្គលការ គឺមានគម្រោងធ្វើធំដុំ នៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១នេះ ប៉ុន្តែដោយសារស្ថានភាពនៃកូវីដ-១៩ មិនទាន់ធូរស្បើយ គឺមានតែធ្វើ ទៅតាមកាលៈទេសៈប៉ុណ្ណោះ ហើយក្រុមគ្រួសារទាំងសងខាងក៏បានយល់ស្រប ព្រមព្រៀងគ្នារួចរាល់ហើយដែរ។

យ៉ាងណាមិញតារាចម្រៀង ខាន់ ជេមស៍ មិនបានបង្ហើបឲ្យដឹងពីថ្លៃបណ្ណាការ ដែលខាងគូស្នេហ៍របស់ វីរៈ និច្ច ជូនដល់ក្រុមគ្រួសារនាងនោះទេ ដោយលោកអះអាងថា សុំមិនបញ្ចេញ ប៉ុន្តែគ្រួសារទាំងសងខាង គឺពុំមានអ្វីជំទាស់ទៀតទេ ចំពោះចំណងស្នេហ៍របស់អ្នកទាំងពីរ។ គូស្នេហ៍របស់តារាចម្រៀង វីរៈ និច្ច ត្រូវបានបង្ហើបឲ្យដឹងថា ពេលភ្ជាប់ពាក្យ ឬរៀបការរួចក៏អាចឲ្យ វីរៈនិច្ច នៅបន្តការងារសិល្បៈបានទៀតដែរ ពោលគឺលោកមិនបានប្រកាន់ថា ជាអ្នកសិល្បៈ សំខាន់គឺលោកនៅតែបើកចំហរ។

គួរជម្រាបថា តារាចម្រៀងស្រីវ័យក្មេង កញ្ញា វីរៈ និច្ច កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង លើរាងតូចស្រឡូនរបស់នាង ដោយជាញឹកញាប់នាងតែងបង្ហោះរូបថត ស្ទីលប្លែកៗមើលទៅស៉ិចស៊ីខ្លាំង ខណៈបច្ចុប្បន្ននេះ នាងក៏កំពុងក្តោបប្រជាប្រិយក្នុងរង្វង់សិល្បៈខ្លាំងមិនធម្មតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្មួយស្រីរបស់តារាចម្រៀង ខាន់ ជេមស៍ គឺកញ្ញា វីរៈ និច្ច កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង លើទ្រនំផលិតកម្ម សាន់ដេ ដោយបទចម្រៀងថ្មីៗរបស់នាង បានចេញជាហូរហែ។

តួយ៉ាងលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមផ្លូវការ របស់តារាចម្រៀងម្ចាស់បទ «សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ» វ័យក្មេងនេះ តែងតែបង្ហោះរូបថតក្នុងឈុតសម្លៀកបំពាក់បែបស៊ីវិល័យ ជាមួយស្ទីលថតរូបប្លែកៗ ដែលបង្ហាញរាងចង្កេះមួយក្តាប់ បញ្ចេញល្វែងលើ ឬខ្នងពិតជាទាក់ទាញ រហូតជាប់ឈ្មោះជាតារាស្រីវ័យក្មេងសម្បូរស្ទីលតុបតែងខ្លួន ក្នុងចំណោមតារាស្រីល្បីៗជាច្រើនទៀត ក្នុងចង្កោមសិល្បៈស្រុកខ្មែរ ដោយភាគច្រើន នាងនិយមស្លៀកពាក់បែបវាលៗបញ្ចេញសាច់ និងរូបរាងដងខ្លួនរបស់នាងយ៉ាងស្រឡូន គួរឲ្យគ្រឺតខ្នាញ់៕