(លីវើភូល)៖ ខ្សែបម្រើការពារអន្តរជាតិប្រេស៊ីល Fabinho បានយល់ព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិប Liverpool រហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីរូបគេបានមកចូលរួមតាំងពីឆ្នាំ២០១៨ ពីក្លិបបារាំង Monaco និងបានជួយហង្សក្រហមលើកពាន Champions League ជាមួយពានលីគអង់គ្លេស Premier League ផងដែរ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

Fabinho បានចូលលេង ១២២ប្រកួត ជាមួយ Liverpool ហើយក៏ជាខ្សែបម្រើការពារម្នាក់បានប្តូរទៅលេងនៅតំបន់ការពារកណ្តាលកាលពីរដូវកាលមុនេះនៅពេលដែលក្លិបដែលដឹកនាំដោយលោក Jurgen Klopp ជួបវិបត្តិរបួសខ្សែការពារមួយចំនួន។ នេះជាការបន្តកិច្ចសន្យថ្មីមួយរបស់ Liverpool ជាមួយកីឡាករសំខាន់បន្ទាប់ ពីមិត្តរួមក្រុម Trent Alexader-Arnold បានធ្វើកិច្ចសន្យារួចរាល់កាលពីពេលថ្មីៗដែរ។

គួររំលឹកផងថា Liverpool បានចំណាយថវិកាប្រមាណ ៤៤លានផោនទិញ Fabinho ពីក្លិប Monaco កាលឆ្នាំ២០១៨ ដែលបានចុះកិច្ចសន្យា ៤ឆ្នាំ ហើយក្រោយបន្តស្នាក់នៅកីឡដ្ឋាន Anfield ខ្សែបម្រើការពាររូបនេះក៏បានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានបន្តលេង និងស្នាក់នៅជាមួយ Liverpool ដែលមានរហ្សនាម (ហង្សក្រហម) នេះ ខណៈ Liverpool នឹងត្រូវជួប Norwich City ថ្ងៃទី១៤ ខែសីហា នៃការប្រកួតបើកឆាកលីគ Premier League 2021-2022៕