(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញវត្តមានគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជាផ្លូវការហើយ គឺគ្រូបង្វឹកជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ដែលជាអតីតម្ចាស់មេដាយកីឡាអូឡាំពិក ទីក្រុងឡុង ឆ្នាំ២០១២ លើប្រភេទទម្ងន់ ១២០គីឡូក្រាម ។

បុរសវ័យ ៣៣ឆ្នាំរូបនេះ បានធ្វើដំណើរមកដល់កម្ពុជាជាង ២សប្ដាហ៍មកហើយ ខណៈក្រោយបញ្ចប់ការធ្វើចត្ដាឡីស័ក នៅថ្ងៃទី០៤ ខែសីហានេះ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធបានជួបសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ មុនចាប់ផ្ដើមធ្វើការងារជាមួយគ្នា ក្នុងការបង្ហាត់ដល់ក្រុមជម្រើសជាតិ នាពេលឆាប់ៗខាងមុខ ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាចំបាប់កម្ពុជា ការនាំយកគ្រូបង្វឹកកីឡាចំបាប់កម្រិតខ្ពស់ មកបង្ហាត់ដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជានេះ គឺមានរយៈពេល ១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីពង្រឹងសមត្ថភាពកីឡាជំនាញកម្រិតខ្ពស់ ត្រៀមឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

គួរដឹងថា មកវិវត្តន៍ខ្លួនជាគ្រូបង្វឹកកីឡាចំបាប់កម្រិតខ្ពស់ លោក Komeil Ghasemi គឺជាអតីតកីឡាករឆ្នើម នៃក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ទីក្រុងឡុង ឆ្នាំ២០១២ (ទម្ងន់ ១២០គីឡូក្រាម) មុនឈ្នះមេដាយប្រាក់អូឡាំពិក ទីក្រុងរីយ៉ូ ឆ្នាំ២០១៦ (ទម្ងន់ ១២៥គីឡូក្រាម) ។ លើសពីនេះ លោកក៏ធ្លាប់ឈ្នះមេដាយប្រាក់ពិភពលោក កាលពីឆ្នាំ២០១៤ និងឈ្នះមេដាយមាសជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៤ រួមទាំងឈ្នះមេដាយប្រាក់ជើងឯកទ្វីបអាស៊ី ២សម័យ កាលពីឆ្នាំ២០១១ និងឆ្នាំ២០១៥ ទៀតផង៕