(សៅប៉ូឡូ)៖ ក្លិបបាល់ទាត់ Santos បានប្រកាសពីការចុះហត្ថលេខាជាមួយកីឡាករ Matias Lacava អតីតកីឡាករក្រុមយុវជនរបស់ក្លិបអេស្ប៉ាញ Barcelona លើកិច្ចសន្យារយៈពេល ១៨ខែ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

កីឡាករខ្សែបម្រើប្រយុទ្ធ វ័យ ១៨ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបលេងនៅលីគ Brazil-Serie A របស់ប្រេស៊ីលនេះក្នុងលក្ខខណ្ឌខ្ចីជើងផ្ទេរមកពីក្លិប Puerto Cabello របស់វេណេស៊ុយអេឡា។

Lacava ដែលធ្លាប់លេងទាំងក្រុមជម្រើសជាតិកម្រិត U-17 និង U-23 របស់វេណេស៊ុយអេឡាផងនោះ ធ្លាប់ជាសមាជិករបស់សាលាបណ្តុះបណ្តាលយុវជនរបស់ក្លិប Barcelona ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ មុនពេលចូលរួមជាមួយក្លិប Lazio របស់អ៉ីតាលី ហើយក្រោយមកចូលលេងនៅក្លិប Benfica របស់ព័រទុយហ្គាល់ទៀតផង។

គួរជម្រាបថា Santos នាពេលបច្ចុប្បន្នស្ថិតក្នុងលំដាប់ទី៨ ក្នុងតារាងលីគ Serie A របស់ប្រេស៊ីល ដោយឈ្នះ៥ ស្មើ៤ និងចាញ់ ៥ប្រកួត មាន ១៣ពិន្ទុ នៅពីក្រោយក្លិប Palmeiras៕