(ប៉េកាំង)៖ លោក Ma Huateng ដែលមនុស្សភាគច្រើនបានស្គាល់ថា Pony Ma ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent ត្រូវបានគេរាយការណ៍មកថា នៅក្នុងរយ:ពេល ៩ខែចុងក្រោយនេះ លោកបានខាតបង់ប្រាក់រហូតដល់ ១៤ពាន់លានដុល្លារ និងបានធ្លាក់មកនៅលេខរៀងទី៣ នៃកំពូលមហាសេដ្ឋីចិនដែលមានទ្រព្យច្រើនជាងគេបំផុត។

សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ថា លោក Ma ដែលជាបុគ្គលមួយរូបគោរពច្បាប់ និងស្មោះត្រង់បំផុតនៅក្នុងវិស័យជំនួញនៅប្រទេសចិនក៏ទទួលរងសម្ពាធពីរដ្ឋាភិបាលចិនផងដែរ ខណ:ដែល ក្រុមហ៊ុន Alibaba របស់ លោក Jack Ma ត្រូវបានរដ្ឋាភិបាលចិនផាកពិន័យជាប្រាក់ ២.៨ពាន់លានដុល្លារពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មប្រឆាំងការជឿទុកចិត្ត។

នៅក្នុងរយ:ពេលប្រមាណកន្លះឆ្នាំចុងក្រោយនេះ និយ័តករចិនបានបើកការសង្កេតទៅលើ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ក្នុងនោះ ក៏មានក្រុមហ៊ុន Tencent មួយផងដែរ ដោយរដ្ឋាភិបាលបានបើកការស៊ើបអង្កេតទៅលើ ក្រុមហ៊ុន Tencent ពាក់ព័ន្ធនឹងឧស្សាហកម្ម ហ្គេម។ ចាប់តាំងពីមានដំណឹងមកថា ក្រុមហ៊ុន Tencent ត្រូវបានរដ្ឋាភិបាលចិនដាក់ការសង្ស័យ និងស៊ើបអង្កេតនោះ តម្លៃភាគហ៊ុន របស់ ក្រុមហ៊ុន Tencent ក៏បានធ្លាក់ចុះបន្តិចម្ដងៗ។

កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅនេះ និយតករចិនបានរារាំងផែនការរបស់ក្រុមហ៊ុន Tencent ក្នុងការច្របាច់បញ្ចូលគ្នានូវ ក្រុមហ៊ុន ផ្ដល់សេវាកម្ម Videogame Streeming ដ៏ល្បីនៅក្នុងប្រទេសចិនចំនួនពីរគឺ Huya និង DouYu ដោយ ផ្អែកលើហេតុផលប្រឆាំងនឹងសេចក្ដីទុកចិត្ត។

ក្រោយមកទៀត ក្រុមហ៊ុន Tencent ក៏ត្រូវបាននិយ័តករចិនកោះហៅឱ្យចូលទៅបំភ្លឺពាក់ព័ន្ធ ករណីរំលោភបំពានលើកុមារ ដោយរួមមាន តាំងក្រុមហ៊ុន Kuaishou , Taobao របស់ Alibaba និង Weibo។

ថ្មីនេះ ក្រុមហ៊ុន Tencent បានដាក់ចេញនូវគោលការណ៍ថ្មី ដោយកំណត់ពេលវេលាសម្រាប់អនីតជនក្នុងការលេងហ្គេម និងបាន ហាម ឃាត់ការបញ្ជាទិញ Items (ឥវ៉ាន់ដែលមានលក់នៅក្នុងហ្គេម) សម្រាប់អ្នកដែលវ័យក្មេង ជាពិសេសគឺបានហាមឃាត់ក្មេងក្រោម អាយុ ១២ឆ្នាំ ក្នុងការលេងហ្គេមទៀត។

ទាំងនេះគឺជាហេតុផលមួយចំនួនដែលធ្វើឱ្យ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tencent ធ្លាក់ចុះ និងបានធ្វើឱ្យលោក Ma ខាតបង់ប្រាក់ រហូត ដល់ ១៤ពាន់លានដុល្លារ ៕