(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីទឹកដីកណ្ដាលនៃការប្រកួតវគ្គជម្រុះ (Play-Off) រវាងក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំ ហើយ ដោយនឹងប្រកួតនៅប្រទេសបារ៉ែនទាំង ២ជើង ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន (AFC Asian Cup China 2023) ។

FFC បានជូនដំណឹងព្រឹកនេះថា «ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងកោះហ្គាំ មានការរីករាដាលខ្លាំងធ្វើឲ្យការធ្វើដំណើរទៅមកចេញចូលមានការលំបាក ដូច្នេះគណៈកម្មការប្រកួតសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចរៀបចំការប្រកួតរវាងក្រុមទាំងពីរនៅប្រទេសបារ៉ែន សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកោះហ្គាំ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំទី៣»

ការផ្លាស់ប្ដូរទីកន្លែងប្រកួតនេះ បន្ទាប់ពី FFC និងភាគីកោះហ្គាំ បានស្នើសុំ AFC ក្នុងការស្វែងរកទឹកដីកណ្ដាល ដើម្បីរៀបចំការប្រកួត បន្ទាប់ពីមានការព្រួយបារម្ភបញ្ហាកូវីដ-១៩។ ចំពោះកម្មវិធីប្រកួតវគ្គ Play-Off ទាំង ២ជើង រវាងក្រុមគោព្រៃកម្ពុជា និងកោះហ្គាំ ជើងទី១ ត្រូវបានពន្យារពេលការប្រកួតពីថ្ងៃទី០៧ ខែកញ្ញា ទៅប្រកួតថ្ងៃទី០៩ ខែតុលា ខណៈជើងទី២ នឹងរក្សាការប្រកួតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដដែល នៅប្រទេសបារ៉ែន។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំ ធ្លាប់មានប្រវត្តិជួបគ្នា ២ដងមកហើយ ដោយបញ្ចប់ក្នុងលទ្ធផលឈ្នះចាញ់គ្នាម្ដងម្នាក់ ក្នុងនោះជួបគ្នាលើកទី១ នៅក្នុងពានរង្វាន់ AFC Challenge Cup 2006 នៅប្រទេសបង់ក្លាដេស កម្ពុជាបានយកឈ្នះកោះហ្គាំ ៣-០ ខណៈជួបគ្នាលើកទី២ ជាលក្ខណៈមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កម្ពុជាបានចាញ់កោះហ្គាំវិញ ២-០ កាលពីឆ្នាំ២០១៣។

គួរដឹងថា បច្ចុប្បន្នពានរង្វាន់ AFC Asian Cup China 2023 មាន ២២ក្រុមកំពុងឈរចាំនៅជុំទី៣ រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស។ ដូច្នេះក្រុមទទួលបានជ័យជម្នះ ២ក្រុមក្នុងវគ្គ Play-Off នឹងត្រូវឡើងទៅបង្គ្រប់កៅអី ២៤ក្រុមចុងក្រោយ។

ចំពោះការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីនេះ គ្រោងធ្វើការប្រកួតពីខែកុម្ភៈដល់ខែកញ្ញា នាឆ្នាំ២០២២ ដើម្បីចម្រាញ់រកក្រុមចំណាត់ថ្នាក់ល្អ ១១ក្រុម ឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលគ្រោងប្រកួតពេញ ១ខែ ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ចំពោះបេក្ខភាព កំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រ គឺមាន ១៣ក្រុមរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕