(អាមេរិក)៖ បណ្ដាញសង្គម LinkedIn ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ Microsoft ត្រូវបានគេរាយការណ៍មកថា កំពុងតែប្រឈមមុខនឹង ពាក្យបណ្ដឹងថ្មីមួយ ដោយបានចោទប្រកាន់ថា បានបំប៉ោងតួលេខនៃអ្នកមើលវីដេអូពាណិជ្ជកម្មដើម្បីគិតថ្លៃលើស ដោយក្នុងនោះមាន Advertisers ជាច្រើនបានរងផលប៉ះពាល់នេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា Advertisers ជាច្រើនបានទិញ ការផ្សាយពាណិជ្ជកម្ម (Impressions) សម្រាប់វីដេអូរបស់ពួកគេនៅលើបណ្ដាញសង្គម LinkedIn និងបានរកឃើញថា បណ្ដាញសង្គម មួយនេះបានបំប៉ោងទិន្នន័យអ្នកមើល (Impressions) លើសពីចំនួនអ្នកមើលពិត ដែលនាំឱ្យពួក Advertisers ខាងបង់ប្រាក់។

ពាក្យបណ្ដឹងមួយនេះផងដែរ ត្រូវបានធ្វើឡើងក្រោយពេលដែល ក្រុមហ៊ុន LinkedIn បានប្រកាសថា ពិតជាមានករណីបែបនេះមែន ប៉ុន្តែ វាជាកើតឡើងដោយកំហុសបច្ចេកទេសប៉ុណ្ណោះ ដោយក្នុងនោះមាន Advertisers ប្រមាណ ៤១៨០០០នាក់បានរងផលប៉ះពាល់ ហើយ ក្នុងម្នាក់ៗត្រូវបានគិតលុយលើសប្រមាណជា ២៥ដុល្លារអាមេរិកប៉ុណ្ណោះ។

ផ្ទុយពីការអះអាងរបស់ LinkedIn ក្រុម Advertisers បានរកឃើញថា ក្រុមហ៊ុន LinkedIn បានប្រើបច្ចេកទេសរបស់ខ្លួនក្នុងការ បំប៉ោង ចំនួនអ្នកមើលវីដេអូ បើទោះបីជាវីដេអូនោះ ត្រូវបានអ្នកប្រើប្រាស់ (User) បានអូសរំលងក៏ដោយ ក៏ LinkedIn គិតបញ្ចូលទៅក្នុងចំនួន អ្នក បានមើលវីដេអូផងដែរ។

នៅក្នុងពាក្យបណ្ដឹង ក្រុម Advertisers បានទាមទារសំណងជាប្រាក់ ប៉ុន្តែមិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ ខណ:ដែល Microsoft មេធំរបស់ LinkedIn មិនបានចេញមុខបកស្រាយ ឬប្រតិកម្មណាមួយឡើយ។

គួរបញ្ជាក់ផងដែរថា LinkedIn ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០០៣ ដែលជាបណ្ដាញសង្គមមួយប្រើប្រាស់សម្រាប់ រក្សានូវជីវប្រវត្តិរូបសង្ខេប ឬជីវប្រវត្តិការងារ និងត្រូវបាន Microsoft ទិញយកកាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ១៩៦ដុល្លារក្នុងមួយហ៊ុន និងមានតម្លៃសរុបប្រមាណជាង ២៦ពាន់លានដុល្លារអាមេរិក៕