(ភ្នំពេញ)៖ សម្រាប់មិត្តនារី ដែលមានបំណងចង់ក្លាយជាបវរកញ្ញាតំណាងប្រទេស ទៅចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក នៅពេលនេះឱកាសបានមកដល់ហើយ ខណៈ Miss Cambodia Pageant បានប្រកាសជ្រើសរើសបេក្ខនារី ដែលមានរូបសម្រស់ស្រស់សោភា មានសមត្ថភាព មានចំណេះដឹងទូទៅគ្រប់គ្រាន់ មានភាពក្លាហាន ដើម្បីដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាប្រចាំប្រទេស ហើយអ្នកដែលទទួលចំណាត់ថ្នាក់ គ្រងមកុដ នឹងទទួលបានតំណែងពិសេស ធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss World 2021»។

បើតាមផេកផ្លូវការរបស់ Miss Cambodia Pageant បានចេញសេចក្តីជូនដំណឹងនាពេលថ្មីនេះថា សុភាពនារីកម្ពុជា ដែលមានរូបសម្បត្តិស្រស់សោភា និងបុគ្គលិកលក្ខណៈល្អ មានអាយុចាប់ពី១៨ឆ្នាំ ដល់២៦ឆ្នាំ អាចចូលរួមកម្មវិធីប្រកួត Miss Cambodia 2021 ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តាមរយៈហ្វេសប៊ុកហ្វេនផេក Miss Cambodia Pageant និង Miss World - Cambodia។ បេក្ខនារីទទួលបានជយលាភី នឹងទទួលបានសិទ្ធិ តំណាងបេក្ខភាពកម្ពុជា ចូលរួមកម្មវិធីប្រកួតលំដាប់ពិភពលោក ដូចជា «Miss World 2021» និងកម្មវិធីប្រកួតលំដាប់អន្តរជាតិនានា។

គួរជម្រាបថា កន្លងមកកម្ពុជាធ្លាប់បានបញ្ចូនបេក្ខនារីរបស់ខ្លួនជាច្រើនរូប រួចមកហើយ ដើម្បីចូលរូមប្រកួតក្នុងកម្មវិធី បវរកញ្ញាលំដាប់ពិភពលោកនានា ជាមួយបេក្ខនារីមកពីបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក។ ក្រឡេកទៅមើលកាល ពី ចុងខែធ្នូ ឆ្នាំ២០២០ Miss Cabodia Pageant បានធ្វើការប្រកួតនិងប្រកាស ម្ចាស់ជយលាភីលេខ១, លេខ២ និងលេខ៣ យ៉ាងឱឡារិក។ កាលណោះ ម្ចាស់ជយលាភីលេខ១ គឺបានទៅលើបេក្ខនារីមកពីខេត្តតាកែវ គឺ កញ្ញា ភុំ សោភ័ណ្ឌ ជានិស្សិតឆ្នាំទី២ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ម្ចាស់ជយលាភីលេខ២ គឺបានទៅលើកញ្ញា ពេជ្រវត្ដី សារ៉ាវឌ្ឍី និង ម្ចាស់ជយលាភីលេខ ៣ គឺបានទៅលើ កញ្ញា កែវ ស្រីលីន៕