(ភ្ន្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយ ដែលមានឈ្មោះថា ក្រុមហ៊ុន WH LIVING & PROPERTIES CO., LTD ជាក្រុមហ៊ុនឈានមុខក្នុងវិស័យអចលន ទ្រព្យដោយផ្តោតលើការងារគ្រប់គ្រង ប្រឹក្សាយោបល់ វិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យដែល មានទំនាក់ទំនងដៃគូ និងអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក បានធ្វើពិធីចុះហត្ថលេខា (Mou Signing Ceremony) ជាមួយនឹងក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានឈ្មោះថា SUNWARD INTELLIGENT (CAMBODIA) Co., LTD ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខក្នុងប្រទេស ចិនខាងផ្នែកផលិតគ្រឿងចក្រ។

ពិធីចុះហត្ថលេខាដែលបានប្រព្រឹត្ដទៅកាលពីចុងខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ តាមការបញ្ជាក់ពី លោក ញិល សូវៀត នាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WH LIVING & PROPERTIES CO., LTD បានធ្វើការចែករំលែកនូវគំនិតផ្តួចផ្តើម មុននឹងឈានមកដល់ការចុះហត្ថលេខានេះថា៖
១៖ ដើម្បីពង្រីកកិច្ចសហប្រតិបត្តការលើវិស័យឯកជនរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
២៖ ក្រុមហ៊ុនទាំងពីរ មានចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា ។
៣៖ សហការរួមគ្នាដើម្បីស្វែងរកដៃគូរអភិវឌ្ឍន៍ឱ្យចំគោលដៅ។
៤៖ លើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនបរទេសមកវិនិយោគនៅកម្ពុជា។
៥៖ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋបានធ្វើ កាត់បន្ថយការចំណាកស្រុក ។

បន្ថែមពីលើនេះ លោក ញឹម រាសី អគ្គនាយកនៃក្រុមហ៊ុន WH LIVING & PROPERTIES CO., LTD ក៏បានលើកឡើងផងដែរថា ដោយមើលឃើញអំពីកត្តាដែលមិនអាចផ្តាច់គ្នាបានរវាងគម្រោងអភិវឌ្ឍន៍ និង គ្រប់គ្រងអចលនវត្ថុ ជាមួយនឹងផ្នែកការងារសំណង់នោះ ការរួមសហប្រតិបត្តិការនេះ នឹងជួយឱ្យក្រុមហ៊ុនទាំងពីរ អាចស្វែងរក និងពង្រីកឱកាសអាជីវកម្មឱ្យគ្នាទៅវិញទៅមកបានច្រើនបន្ថែមលើសពីនេះទៀត។ ជាក់ស្តែង ក្រុមហ៊ុនរបស់លោកកំពុងសិក្សាលើគម្រោងដើម្បីអភិវឌ្ឍន៍អគារ ដែលអាចប្រើប្រាស់បានច្រើន មុខងារ ដូចជា៖ ការិយាល័យ កន្លែងស្នាក់នៅ និងទីតាំងពាណិជ្ជកម្មនៅកណ្តាលទីក្រុងភ្នំពេញផងដែរ។

ជាមួយគ្នានេះដែរ លោក XIAO DI នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SUNWARD INTELLIGENT (CAMBODIA) CO., LTD បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនអន្តជាតិមកពី ប្រទេសចិន ដែលស្ថាបនាដោយ បញ្ចវន្ត័ ជនជាតិ ចិនលោក He Qinghua តាំងពីឆ្នាំ ១៩៩៩ និងមានសាខា ១២ ប្រទេសទូរទាំងពិភព លោកដោយ ផ្តោតលើការផ្គត់ផ្គង់គ្រឿងចក្រសម្រាប់ការងារសំណង់ ទូទៅ ផ្លូវថ្នល់ ផ្លូវក្រោមដី ព្រលានយន្តហោះ ។ល។ លោកបញ្ជាក់ថា ក្រុមហ៊ុននេះត្រូវ បានចាត់ថ្នាក់ក្នុង៖
*ចំណោម ៥០ ក្រុមហ៊ុនធំជាងគេនៃវិស័យ គ្រឿងចក្រ សំណង់ ក្នុងសកលលោក
*ចំណោម ២០ ក្រុមហ៊ុនធំជាងគេនៃវិស័យគ្រឿងចក្រឆូសឆាយក្នុងសកលលោក
*ចំណោម ៣ ក្រុមហ៊ុនធំជាងគេនៃវិស័យគ្រឿងអកាសយានក្នុងតំបន់ផងដែរ។

ក្នុងឱកាសដ៏ពិសេសនៃពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព របស់លោកបណ្ឌិត ជួន ជីវិន ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវីឌីស៊ីផងដែរ។

ស្របជាមួយគ្នានេះ លោកបណ្ឌិតបានថ្លែងមតិសំណេះសំណាល និងអំណរសាទរដល់កិច្ច សហប្រតិបត្តការ នៃក្រុមហ៊ុន ទាំងពីរ ហើយនេះក៏ជាការចាប់ឱកាស បន្ទាប់ពីខួប ៦០ឆ្នាំ ( ឆ្នាំ២០១៨ ) នៃចំណងមិត្តភាពការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន បច្ចុប្បន្នជាកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយតែងបានស្វាគមន៍ ចំពោះការវិនិយោគរបស់វិស័យឯកជនគ្រប់ជាតិសាសន៍ផងដែរ។

សម្រាប់ការចុះអនុស្សារណៈនេះ នឹងពង្រឹងក៏ដូចជាពង្រីកវិស័យអលនទ្រព្យនិងសំណង់ សម្ភារគ្រឿងចក្រទំនើបៗ និងសម្បូរបែបក្នុងវិស័យសំណង់ ដើម្បីបង្កើនទុនវិនិយោគក្នុងស្រុក និងបង្កើនការងារដល់យុវជនឱ្យមានការងារធ្វើកាន់ច្រើនលើគ្រប់ជំនាញបច្ចេកទេស ។

លោកប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានវីឌីស៊ី ដែលជាស្ថាប័នអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា បានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេចចូលរួម សហការ ដើម្បីផ្គត់ផ្គង់ធនធានមនុស្សដែលមានចំណេះ និងជំនាញពិតប្រាកដដល់ក្រុមហ៊ុនទាំងពីរ និងដៃគូរពាក់ពន្ធ័ដែលជាកត្តាជួយកាត់បន្ថយនូវអត្រាអ្នកអត់ការងារធ្វើ ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាផងដែរ៕