(ភ្នំពេញ)៖ តារាជើងស៊ុតរបស់ក្រុមអាស៊ីអឺរ៉ុប និងជាបេក្ខភាពប្រជែងស្បែកជើងមាសនៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ កីឡាករ Abee Ndjoo Hurber ត្រូវបានផ្ទេរទៅក្រុមការពារតំណែងជើងឯកបឹងកេតហើយ ដើម្បីត្រៀមការប្រកួតជុំទី២ នាពេលខាងមុខ។

ប្រភពស្និទ្ធស្នាលខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូនខាងលើបានបញ្ជាក់ថា Abee បានចុះកិច្ចសន្យាផ្ទេរពីក្រុមអាស៊ីអឺរ៉ុប ទៅក្លិបបឹងកេតរួចរាល់ហើយ។ ប៉ុន្ដែមុនចូលរួមជាមួយក្រុមថ្មី Abee មានភារកិច្ចជួយអាស៊ីអឺរ៉ុបរហូតដល់ចប់ការប្រកួតលីគជុំទី១ ទើបគេអាចចូលរួម និងលេងឲ្យក្រុមនាគខៀវបឹងកេតបាន។

បច្ចុប្បន្ន Abee កំពុងឈរលេខរៀងទី២ ក្នុងបញ្ជីកីឡាករស៊ូតបញ្ចូលទីច្រើនជាងគេ (Top-Scorers) ដោយរកបាន ១០គ្រាប់ ចាញ់ប្រៀបកីឡាករកំពូលតារាង Pirvat របស់ក្លិបព្រះខ័នរាជស្វាយរៀង ១គ្រាប់ ដ្បិតកីឡាករមិត្តរួមជាតិកាមេរ៉ូនរូបនេះ រកបាន ១១គ្រាប់ គិតត្រឹមសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា។

គួរដឹងថា Abee បានចូលរួមជាមួយក្រុមអាស៊ីអឺរ៉ុបកាលពីរដូវកាលមុន ដោយរកបាន ១២គ្រាប់រួមចំណែកជួយក្រុមឈរចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម ១៣ក្លិបនៃលីគកំពូលកម្ពុជា ហើយបន្ដកុងត្រាជាមួយក្រុមមានមូលដ្ឋាននៅតំបន់ស្វាយជ្រំ និងលេងបាន ១ជុំជាមួយអាស៊ីអឺរ៉ុប ក្នុងរដូវកាលថ្មី ឆ្នាំ២០២១ មុនផ្ទេរទៅក្លិបជើងឯក ៤សម័យបឹងកេត នៅជុំទី២ នាពេលឆាប់ៗខាងមុខ៕