(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះ Rihanna ត្រូវបានទស្សនាវដ្ដី Forbes ចុះផ្សាយថា ទ្រព្យសម្បត្តិរបស់នាងសរុប គឺបានកើនឡើងដល់ ១.៧ពាន់លានដុល្លារអាមេរិក ដែលនាំឲ្យនាងក្លាយជាតន្ត្រីករ មានប្រាក់ច្រើនបំផុតលើពិភពលោក ប៉ុន្តែប្រភពចំណូលចម្បង ដែលនាំឲ្យនាងក្លាយជាមហាសេដ្ឋី ប្រាក់ពាន់លានដុល្លារនាពេលនេះ មិនមែនមកពីវិស័យតន្ត្រីឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

Rihanna ម្ចាស់បទ «Diamonds» ត្រូវបានគេសន្និដ្ឋានថា ភាគច្រើននៃទ្រព្យសម្បត្តិរបស់នាង ពោលគឺចំនួន ១.៤ពាន់លានដុល្លារ បានមកពីភាគហ៊ុន៥០% ដែលនាងមានក្នុង ហាងលក់គ្រឿងសំអាងប្រេន Fenty របស់នាង ខណៈទ្រព្យសម្បត្តិដ៏ច្រើនទៀត គឺបានមកពីហាងលក់ខោអាវទ្រនាប់ប្រេន Savage X Fenty។

ទស្សនាវដ្តី Forbes ក៏បានបញ្ជាក់ថា Rihanna បានទាញយកអត្ថប្រយោជន៍ ពីអ្នកតាមដាននាងចំនួន១០១ លាននាក់នៅក្នុង Instagram និងនៅលើ Twitter ចំនួន ១០២,៥ លាននាក់ ដើម្បីផ្សព្វផ្សាយម៉ាកយីហោ របស់នាងឲ្យកាន់តែទូលំទូលាយ និងជួយឲ្យវាកាន់តែរឹងមាំខ្លាំងឡើង។ រហូតដល់បច្ចុប្បន្នជំនួញរបស់នាងកំពុងតែជោគជ័យខ្លាំង ដែលជំរុញឲ្យទ្រព្យសម្បត្តិរបស់នាងកើនឡើង ដូចពេលនេះ។

បើតាម Forbes តារាចម្រៀង Rihanna ឈរនៅលេខរៀងទី២ ក្នុងតារាងតន្រ្តីករ មានទ្រព្យសម្បត្តិ ច្រើនបំផុតលើពិភពលោក ខណៈតារាស្រីអាមេរិក Oprah Winfrey ឈរនៅលេខរៀងទី១ ជាមួយនឹងទ្រព្យសម្បត្តិ ២.៧ពាន់លានដុល្លារ៕