(អាមេរិក)៖ កម្មកម្សាន្តដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាព TikTok ត្រូវបានគេរាយការណ៍មកថាបានចាប់ផ្ដើមសាកល្បងមុខងារ Stories ដែលដូចគ្នាទៅនឹងមុខងារ Stories របស់ Instagram, Facebook ឬ Snapchat ជាដើម។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ Matt Navarra បានបង្ហោះសារនៅលើ បណ្ដាញសង្គម Twitter ដោយបានអះអាងថា នៅពេលនេះកម្មវិធី TikTok កំពុងតែសាកល្បងប្រើមុខងារ Stories ដែលមានឈ្មោះថា «TikTok Stories»។
មុខងារនេះប្រហែលជាមិនខុសគ្នាប៉ុន្មានពីមុខងាររបស់បណ្ដាញសង្គមដទៃទៀតឡើយ ដោយក្នុងនោះអ្នកប្រើប្រាស់អាច Add វីដេអូជា Stories ហើយវានឹងលុបចោលវិញនៅក្នុងរយ:ពេល ២៤ម៉ោង។
អ្នកនាំពាក្យរបស់ TikTok បានឆ្លើយតបតាមរយ:អ៊ីម៉េលមកកាន់សារព័ត៌មាន The Verge ថា បច្ចុប្បន្នយើងកំពុងស្វែងរកវិធី សាស្ត្រ ផ្សេងៗ ដើម្បីបង្កើតនូវមាតិកាកម្សាន្តជាមួយនឹងគំនិតច្នៃប្រឌិតថ្មីសម្រាប់ជីវិតដែលរស់នៅក្នុងសហគមន៍ TikTok។ តាមរយ:សារនេះ យើង មិនអាចប្រាកដបានទេថា TikTok ពិតជាកំពុងសាកល្បងមុខងារ Stories ប៉ុន្តែមានអ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារនៅលើ Twitter ថា ពួកគេអាចឃើញមុខងារ Stories និងកំពុងតែប្រើ ប៉ុន្តែមុខងារនេះមិនត្រូវបានដាក់ឱ្យប្រើគ្រប់គ្នានោះទេ៕