(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្មមហាហស្ស លោក អ៉ិន សុភិន បានផ្ទុះប្រតិកម្មភ្លាមៗ និងបញ្ចេញសារយ៉ាងវែងអន្លាយ វាយបកទៅកាន់ផលិតករពីរនាក់ គឺលោក រ៉េមមី ហ៊ូ និង ភរិយា គឺអ្នកនាង ផូ ភារ័ត្ន ដែលបានទម្លាយថា លោកមិនបានទូទាត់ប្រាក់ ប្រមាណជាង១ម៉ឺនដុល្លារ ជូនដល់ ពួកគេ ជាថ្លៃកម្លាំងពលកម្ម ក្នុងការដឹកនាំសម្ដែង ភាពយន្តចំនួន៣រឿង។

លោក អ៉ិន សុភិន បានថ្លែងបញ្ជាក់ថា ជារឿងមួយគួរឲ្យអស់សំណើច ហើយឲ្យបងប្អូនផលិតករ ចាំមុខពីរនាក់នេះឲ្យច្បាស់។ លោកទើបប្រជុំចប់កាលពីថ្ងៃចន្ទរឿងពួកគាត់ (រ៉េមមី ហ៊ូ និង ភរិយា) ធ្វើការមិនកើតចង់បានលុយ ខុសក្បួនហេតុ តែអាណិតពួកគាត់អត់ការងារធ្វើ។ តេមកសុំការងារលោកធ្វើ លោកអាណិតពេកក៏ឲ្យម្ដង៣រឿងដឹក (ដឹកនាំសម្ដែង)។

លោកបន្តថា រឿងទី មានចំណងជើងថា «ឯកា» ដឹកនាំរឿងមិនកើត ហើយបានកក់លុយត្រឹមត្រូវ ដល់តំណាក់កាលទី២មិនទាន់បានបង់ ព្រោះរឿងយកមិនបាន ខុសច្រើន ដឹកឲ្យរួចតែពីដៃ។ បើចឹងតើឲ្យគេបង់លុយឲ្យដែរ? ណាមួយតាំងពីថតចប់មកកូវីដរហូត។ រឿងនេះមិនទាន់គិតយ៉ាងម៉េចផង មកថាគេមិនទាន់បង់លុយ កុំឲ្យតែគេប្ដឹងវិញទៅសំណាងហើយ។ ដឹកនាំរឿងតម្រូវចិត្តខ្លួនឯង មិនតម្រូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។ តែនេះចង់បង្កបញ្ហាដោយខ្លួនឯង។ អាណិតណាស់តែការងារមិនកើត ចង់តែបានលុយគេ ពេលមកសុំការងារគេ ធ្វើនិយាយល្អ តែពេលបានការងារទៅធ្វើចរិតមើលងាយការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស់។

លោកបានបន្ថែមទៀតថា សម្រាប់រឿងទី២ គឺរឿង «បេសកកម្មស្នេហ៍» ដឹកមិនកើត កាត់តមិនចេញ លុយកាក់បានកក់រួចហើយ នៅតែដំណាក់កាលបន្ទាប់។

ចំណែករឿងទី៣ មានចំណងជើងថា «វង្វេង» ត្រូវបានលោក អ៉ិន សុភិន បញ្ជាក់ថា ក៏ដូចគ្នា ដឹកមិនបានកូនក្មេងដឹកលេងផង មើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ។ នៅតែបង់ដំណាក់កាលបន្ត។ តែពេលនេះរឿងទាំងបី យកជាការមិនបានសោះ ហេតុតែចង់ជួយ មិនមានបទពិសោធន៍សោះ ក៏ឲ្យឱកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។សូមផលិតករទាំងអស់គ្នាប្រយ័ត្នចាញ់បោកពួកគាត់ទាំងពីរនាក់។ លោកខូចអស់បីរឿងរ៉ាប់ម៉ឺនដុល្លារ មិនបាននិយាយអីមួយម៉ាត់ ទុកមុខរាប់អានគ្នា តែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុងតែជួបបញ្ហាសេដ្ឋកិច្ច។ អាណិតដែរតែមនុស្សចង់បានលុយគេ ដោយមិនធ្វើការឲ្យនោះ ទុកតាមនឹងទៅ សុខចិត្តយករឿងមកឲ្យអ្នកផ្សេងធ្វើវិញ។ នេះជាបទពិសោធន៍ថ្មីមួយ ចេះចង់បានលុយគេអត់ចេះខ្មាស់ តែខាងក្រុមហ៊ុនកំពុងតែរកមុខឲ្យដឹកសងផង គួរឲ្យចង់សើចអ្នកដឹងនាំរឿងគ្មាន License។

ការបង្ហោះរបស់លោក អ៉ិន សុភិន កំពុងធ្វើឲ្យរសើបយ៉ាងខ្លាំង ស្របពេល ដែលការទម្លាយរបស់លោក រ៉េមមី ហ៊ូ និង ភរិយា ដែលត្រូវគេដឹងថា គឺជាផលិតករ និង ជាអ្នកច្នៃម៉ូដមកពីអាមេរិក អះអាងថា ក្រោយដឹកនាំរឿងឲ្យផលិតកម្មមហាហង្ស ចប់៣រឿងយូរហើយ តែមិនឃើញលោក អ៉ិន សុភិន ទូទាត់ថ្លៃពលកម្មនៅសល់។ យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់ អ៉ិន សុភិន, Fresh News Plus នៅមិនទាន់ទាក់បានភាគីផលិតករ ទាំងពីរខាងលើ ដើម្បីបំភ្លឺជូនមហាជនបានជ្រាបនៅឡើយ៕