(សេអ៊ូល)៖ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍មកថា បានក្ដោបក្ដាប់ទីផ្សារស្មាតហ្វូនប្រភេទ Foldable (អេក្រង់បត់) រហូតដល់ ៨៨ភាគរយ នៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Korea Herald នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
របាយការណ៍នេះត្រូវបានបង្ហាញឡើង ចំពេលដែលព័ត៌មានមួយទើបតែចេញផ្សាយថា Samsung គ្រោងនឹងប្រកាសបង្ហាញស្មាតហ្វូន Foldable នៅសប្តាហ៍ក្រោយ។
យោងតាមការចេញផ្សាយរបស់ Counterpoint Research បានឲ្យដឹងថា ទីផ្សារស្មាតហ្វូន Foldable នៅក្នុងឆ្នាំ២០២១ នេះ បើកើតឡើងរហូតដល់៣ដង បើធៀបទៅនឹងឆ្នាំ២០២០ ដែលគិតត្រឹមពាក់កណ្តាលឆ្នាំនេះ មានចំនួន ៩លានគ្រឿងត្រូវបានលក់នៅលើផ្សារ។
Counterpoint Research បានបញ្ជាក់បន្ថែមទៀតថា Samsung លក់ស្មាតហ្វូន Foldable បានច្រើនរហូតដល់ក្ដោបក្ដាប់ទីផ្សារ ៨៨ភាគរយគឺដោយសារតែ ស្មាតហ្វូន Foldable របស់ Samsung ត្រូវបានរចនាឡើងដោយរូបរាងទាក់ទាញ និងតម្លៃសមរម្យ ជាពិសេសគឺធន់នឹងការប្រើប្រាស់។
ស្ថាប័នស្រាវជ្រាវមួយនេះក៏បានលើកឡើងផងដែរថា នៅឆ្នាំ ២០២៣ ការលក់ស្មាតហ្វូន Foldable នឹងកើនឡើងរហូត១០ដង បើធៀបនឹងឆ្នាំ២០២០ ហើយ Samsung នៅតែរក្សាបានតំណែងជើងឯកដដែល។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung គ្រោងនឹងប្រកាសបង្ហាញស្មាតហ្វូន Foldable ចំនួនពីរម៉ូដែលគឺ Galaxy Z Fold3 និង Galaxy Z Flip3 នៅសប្តាហ៍ក្រោយ៕