(អាមេរិក)៖ អ្នកតំណាងរបស់កំពូលតារាម៉ូដែលល្បី Kendall Jenner នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការឆ្លងតប បន្ទាប់ពីមានពាក្យបណ្តឹង ពីសំណាក់ក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីរបស់អ៉ីតាលី Liu Jo ដែលប្តឹងតារារូបនេះ ពីបទរំលោភកិច្ចសន្យា និងទាមទារសំណង ១.៨លានដុលា្លរអាមេរិក។ ក្នុងនោះ អ្នកតំណាងរបស់ Kendall Jenner អះអាងថា ការប្តឹងនេះ គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
អ្នកតំណាងរបស់ Kendall Jenner បានធ្វើការឆ្លើយតបថា តារាម៉ូដែលរបស់ខ្លួន (Kendall Jenner) បន្តផ្តល់ជូនពេលវេលា និងទីតាំងជំនួស ទៅដល់ក្រុមហ៊ុន Liu Jo សម្រាប់ការថតលើកទី២នេះ ដើម្បីបំពេញទៅតាមកិច្ចព្រមព្រៀង ដែលកន្លងមកត្រូវបានពន្យារ ដោយសារតែបញ្ហាជំងឺរាតត្បាតសាកលកូវីដ-១៩។ Jenner បានប្តេជ្ញា និងស្ម័គ្រចិត្តផ្តល់ជូននូវសេវាកម្មយ៉ាងពេញលេញ សម្រាប់កិច្ចការងារនេះ ត្បិតថាកន្លងមកមានការរាំងស្ទះ ដោយសារកូវីដ-១៩។
គួរជម្រាបថា កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ក្រុមហ៊ុនម៉ាក Liu Jo បានដាក់ពាក្យបណ្តឹងទៅកាន់តុលាកាអាមេរិក ក្នុងតំបន់ Manhattan ដែលប្តឹងតារាម៉ូដែល Kandall Jenner ថាបានរំលោភកិច្ចសន្យាជាមួយខ្លួន ព្រោះក្នុងការព្រមព្រៀងគ្នា តារារូបនេះត្រូវថតរូបឲ្យក្រុមហ៊ុនចំនួន២ដង ប៉ុន្តែនាងថតបានតែមួយលើកប៉ុណ្ណោះ ដោយមិនបានថតលើកទី២ទេ ខណៈពេលវេលាថតលើកទី២ គឺត្រូវបានផុតកំណត់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ បើតាមពាក្យបណ្តឹង គឺក្រុមហ៊ុនម៉ាក Liu Jo ទាមទារសំណងពីតារាម៉ូដែល Kandall Jenner ចំនួន ១.៨លានដុល្លារអាមេរិក។
តែយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា តើដំណើរការក្តីរវាងតារាម៉ូដែលស្រី Kandall Jenner និងក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីរបស់អ៉ីតាលី Liu Jo ទៅជាយ៉ាងណានៅទីបញ្ចប់ ខណៈអ្នកគាំទ្រតារាស្រីរូបនេះ បាននឹងកំពុងរង់ចាំមើលនិតិវិធីបន្តទៀត៕