(ភ្នំពេញ)៖ ក្រុមកីឡាករទោចក្រយានជម្រើសជាតិកម្ពុជា ៣រូបគឺមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិនៅអឺរ៉ុបលើកដំបូង បន្ទាប់ពីបោះជំរំហ្វឹកហាត់ជិត ២ខែនៅប្រទេសបារាំង។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិដែលកីឡាករទោចក្រយានកម្ពុជា ៣រូបចូលរួមប្រកួត គឺកម្មវិធីប្រណាំងកង់ Tour of Szeklerland នៅប្រទេសរូម៉ានី ដែលមាន ១១ប្រទេសចូលរួម ស្មើនឹង ២០ក្រុម។ ការប្រកួតនេះធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៧ ខែសីហា ឆ្នាំ២០២១ ដោយបែងចែកការប្រកួតជា ៤ដំណាក់ សរុបចម្ងាយផ្លូវ ៥២៣.៧គីឡូម៉ែត្រ។

លោកថា នេះគឺជាការប្រកួតមួយដ៏សំខាន់ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស ក៏ដូចជាដកស្រង់បទពិសោធន៍សម្រាប់កីឡាករទោចក្រយានកម្ពុជា បន្ទាប់ពីហ្វឹកហាត់នៅប្រទេសបារាំង ជាមួយការប្រកួតកម្រិតខ្ពស់ ២.១ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ដើម្បីដុះខាត់សមត្ថភាពបន្ថែម ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ដែលពន្យារពេលទៅឆ្នាំ២០២២ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។

អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «ខ្ញុំសង្កេតឃើញកម្រិតសមត្ថភាពកីឡាករកម្ពុជាយើងកើនឡើង ហើយអាចធ្វើការប្រកួតប្រជែងខ្លាំង ដែលភាសាបច្ចេកទេសហៅថា “នៅក្នុងហ្វូង” បានន័យថា ពួកយើងស្ថិតនៅក្នុងហ្វូងជាមួយក្រុមអត់មានដាច់ ឬជ្រុះចេញទេ ហើយក្នុងវគ្គទី២ យើងសង្កេតឃើញកីឡាករកម្ពុជាយើងមានការប្រកួតប្រជែងខ្លាំង ដោយប្រផិតប្រផើយជាមួយគេ មិនចាញ់ខ្លាំងទេ។ អញ្ចឹងយើងសង្ឃឹមថា នៅវគ្គបន្ដបន្ទាប់ ពួកគាត់នឹងធ្វើបានកាន់តែល្អប្រសើរបន្ថែមទៀត»

សម្រាប់ក្រុមចូលរួមប្រកួតប្រជែងកម្មវិធី Tour of Szeklerland នៅប្រទេសរូម៉ានី ទាំង ២០ក្រុមវិញរួមមានកម្ពុជា ១ក្រុម, អាល្លឺម៉ង់ ១ក្រុម, អ៉ីតាលី ១ក្រុម, អូទ្រីស ២ក្រុម, អ៊ុយក្រែន ២ក្រុម, ប៊ែលហ្ស៊ិក ២ក្រុម, ប៊ុលការី ២ក្រុម, ហុងគ្រី ២ក្រុម, ស្លូវ៉ានៀ ២ក្រុម និងប៉ូឡូញ ២ក្រុម។

គួរដឹងថា ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ៣នាក់ខាងលើបានចេញទៅបោះជំរំហ្វឹកហាត់រយៈពេល ២ខែនៅប្រទេសបារាំងកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ដោយមានការសម្របសម្រួល និងផ្គត់ផ្គង់ពីសមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង។ បេសកកម្មនេះ ក៏ទទួលបានការគាំទ្រពេញទំហឹងពីលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាផងដែរ៕