(តូក្យូ)៖ ក្រុមអត្តពលិកអង់គ្លេស រកបានមេដាយសរុប ៥៣គ្រឿងដោយមានមេដាយមាស ១៧គ្រឿង ដោយឈរនៅលេខរៀងទី៤ នៃតារាងមេដាយព្រឹត្តិការណ៍ Tokyo Olympic 2020 បន្ទាប់ពីធ្វើបានលើវិញ្ញាសាជិះកង់ផ្នែកនារីជាក្រុម ២នាក់ ខណៈក្រុមដែលមានមេដាយមាសច្រើនជាងគេនៅតែជាក្រុមអត្តពលិកចិន មានដល់ទៅ ៣៤គ្រឿងបណ្តោះអាសន្នគិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១(ម៉ោងនៅកម្ពុជា)។

ក្រុមអត្តពលិកអង់គ្លេស វិញ្ញាសាជិះកង់ផ្នែកនារី ២នាក់រកបាន ៧៨ពិន្ទុទទួលបានមេដាយមាស ដែលយកឈ្នះនារីដាណឺម៉ាក យកបានមេដាយប្រាក់ ខណៈដែលក្រុមនារីអង់គ្លេស ក៏ឈ្នះបានមេដាយប្រាក់ក្នុងកម្រិតប្រកួតជាក្រុម ៤នាក់ផងដែរ ដែលជាការរួមចំណែកជួយក្រុមអង់គ្លេស ឈ្នះបានមេដាយសរុប ៥៣គ្រឿងដោយមានមេដាយមាស ១៧គ្រឿង,ប្រាក់ ១៨គ្រឿងស្មើជាមួយមេដាយសំរិទ្ធ។

ដោយលទ្ធផលបណ្តោះអាសន្នពេលនេះក្រុមអត្តពលិកចិន នៅតែនាំមុខមេដាយមាស ៣៤គ្រឿង,ប្រាក់ ២៤គ្រឿងនិងសំរិទ្ធ ១៧គ្រឿងសរុប ៧៥គ្រឿង ខណៈដែលក្រុមសហរដ្ឋអាមេរិក នៅតែក្រុមមានមេដាយច្រើនជាងគេដល់ទៅ ៩២គ្រឿងដោយមានមេដាយមាស ៣០គ្រឿង គ្រាដែលក្រុមជប៉ុន នៅតែឈរលេខរៀងទី៣ រកបានមេដាយមាស ២២គ្រឿងក្នុងនាមជាក្រុមម្ចាស់ផ្ទះ៕