(តូក្យូ)៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ បន្ទាប់ពីបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១៥ ក្នុងការប្រកួតជម្រុះបឋមលើវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រឈ្នាន់រឹង (Diving 10metres Platform) នៅថ្ងៃសុក្រនេះ។

ក្នុងការប្រកួតដ៏ស្វិតស្វាញខាងលើ កីឡាករម្នាក់ៗបានធ្វើការប្រកួត ៦ជុំ ខណៈលទ្ធផលកីឡាករមានដើមកំណើតពីខេត្តព្រះសីហនុ Pisey ទទួលបានពិន្ទុសរុប ៣៩០.០៥ពិន្ទុ ឈរលេខរៀងទី១៥ បើធៀបនឹងកីឡាករចិន Yang Jian ដែលឈរកំពូលតារាងលើវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ គឺចាញ់ប្រៀបរហូតដល់ ១៥៦.៨៥ពិន្ទុ។ យ៉ាងណាមិញកីឡាករឈរលេខរៀងទី១ ដល់លេខរៀងទី១៨ ត្រូវបានកំណត់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាម៉ោង ៨ព្រឹកថ្ងៃទី០៧ ខែសីហាស្អែកនេះ (ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center ហើយកីឡាករដែលមានពិន្ទុល្អជាងគេចំនួន ១២នាក់ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតនៅវេលាម៉ោង ១រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃដដែល ដើម្បីកាត់សេចក្ដីរកជយលាភីម្ចាស់មេដាយលើវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រឈ្នាន់រឹងតែម្ដង។

សូមបញ្ជាក់ថា បច្ចុប្បន្ន Jordan Pisey Windle មានវ័យ ២២ឆ្នាំ ដែលមានដើមកំណើតនៅខេត្តព្រះសីហនុ។ មុនក្លាយជាកីឡាករជម្រើសជាតិអាមេរិក Pisey គឺជាក្មេងកំព្រាឪពុកម្ដាយ ហើយត្រូវបានលោក Jerry Windle យករូបគេមកចិញ្ចឹមនៅអង្គការមួយនៅភ្នំពេញ រហូតគេមានអាយុ ១៨ខែ ក៏នាំគេទៅរស់នៅសហរដ្ឋអាមេរិករហូតមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ Pisey ធ្លាប់បានអះអាងថា រាល់ការប្រកួតលើឆាកអន្ដរជាតិ ខ្លួនមិនមែនប្រកួតតំណាងតែសហរដ្ឋអាមេរិកនោះទេ ពោលគេក៏ប្រកួតតំណាងប្រទេសកំណើតរបស់ខ្លួន គឺប្រទេសកម្ពុជាផងដែរ៕