(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ចិន Huawei បានបង្ហាញរបាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលខ្លាំងបំផុតមិនធ្លាប់មាន ពីមុនមក នៅត្រីមាសទី២ ឆ្នាំ២០២១ ដែលការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថាបណ្ដាលមកពីការទាក់ទណ្ឌកម្មរបស់អាមេរិក រហូត ជំរុញឱ្យក្រុមហ៊ុនចិនមួយនេះលក់អាជីវកម្មទូរស័ព្ទចល័ត Honor។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ក្រុមហ៊ុន Huawei រកប្រាក់ចំណូលបានត្រឹមតែ ៣២០.៤ពាន់លានយន់ (ប្រហែល ៤៩.៥៦ពាន់លានដុល្លារអាមេរិក) ប៉ុណ្ណោះ។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថានេះជាការធ្លាក់ចុះដែលមិនធ្លាប់មាន ដោយក្នុងនោះ អាជីវកម្មទូរស័ព្ទដៃរបស់ខ្លួនបានធ្លាក់ចុះរហូតដល់ ៤៧ភាគរយ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ មិនបានបង្ហាញរបាយការណ៍លម្អិតឡើយពាក់ព័ន្ធនឹងប្រាក់ចំណូល និងចំណេញក្នុងត្រីមាសទី២ នេះ ហើយក៏មិនបានបញ្ជាក់ផងដែរថា ធ្លាក់ចុះចំនួនប៉ុន្មានដែរ គ្រាន់តែដឹងថា នៅត្រីមាសទី២នេះ Huawei លក់ទូរស័ព្ទដៃបាន ៦.៤លានគ្រឿងនៅក្នុងប្រទេស បើធៀបទៅនឹងឆ្នាំ២០២០ មានរហូតដល់ ២៧.៤លានគ្រឿង។

តំណាងក្រុមហ៊ុន Huawei បានបញ្ជាក់ថា ការធ្លាក់ចុះនេះអាចអូសបន្លាយពេលរហូតដល់ត្រីមាសបន្ទាប់ ប៉ុន្តែចាប់ពីពេលនោះតទៅ Huawei នឹងលេចធ្លោឡើងជាថ្មី ជាមួយនឹងភាពអស្ចារ្យគ្រប់ផលិតផល ហើយយើងជឿជាក់ថាអតិថិជនដែលកំពុងតែរងចាំផលិតផល ថ្មី របស់យើងនឹងមិនខកបំណងឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មមកលើក្រុមហ៊ុន Huawei ក្រោមហេតុផលសុវត្ថិភាព និងសន្តិសុខជាតិ ដែលនាំឱ្យប៉ះពាល់ដល់ការលក់ស្មាតហ្វូន 5G និងការផ្គត់ផ្គង់បច្ចេកវិទ្យា 5G នៅ អាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ជាពីសេសគឺ Google ឈប់ផ្ដល់សិទ្ធិប្រើប្រាស់ប្រព័ន្ធដំណើរការ Android សម្រាប់ទូរស័ព្ទដៃ Huawei ទៀត ដែលជាធ្វើឱ្យ Huawei បង្កើតប្រព័ន្ធដំណើរការខ្លួនឯង HarmonyOS៕