(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើ Kevin de Bruyne និង Phil Foden នឹងមិនមានឈ្មោះឡើយក្នុងប្រកួតពានបើករដូវកាលថ្មី FA Community Shield ទល់នឹងក្រុមកញ្ជ្រោងខៀវ Leicester City រាត្រីនេះ ដោយសារបញ្ហារបួសពុំទាន់ជាសះស្បើយ។

លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅនៃក្លិបមេឃខៀវ Manchester City បានថ្លែងប្រាប់ BBC ថា កីឡាករវ័យ ៣០ឆ្នាំ De Bruyne បានកំពុងមានបញ្ហារបួសកជើងតាំងរូបគេប្រកួតក្នុងក្រុមជម្រើសជាតិបិសាចក្រហមប៊ែលហ្សិក នៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប វគ្គ ៨ក្រុមចុងក្រោយដែលបានចាញ់អាសូរីអ៉ីតាលី ១-០ គ្រាដែលមិត្តរួមក្រុម Phil Foden វ័យ ២១ឆ្នាំមានបញ្ហារបួសជើង ដែលធ្វើឲ្យរូបគេខកខានប្រកួតផ្តាច់ព្រ័ត្រពេលអង់គ្លេស ប៉ះអ៉ីតាលីផងដែរ។

តែយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើបានបញ្ជាក់ថា នឹងដាក់សមាជិកថ្មី Jack Grealish ដែលទើបទិញពី Aston Villa ជាង ១០០លានដុល្លារចូលលេងជំនួសវិញ។

គួរបញ្ជាក់ថា Manchester City ដែលជាជើងឯក Premier League នឹងត្រូវប៉ះ Leicester City ដែលជាជើងឯក FA Cup នារាត្រីថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ ដើម្បីដណ្តើមពានបើករដូវកាលថ្មីអង់គ្លេស FA Community Shield ដែលនឹងធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley នាម៉ោង ២៣៖១៥នាទីយប់ (ម៉ោងនៅកម្ពុជា)៕