(អេស្ប៉ាញ)៖ ក្លិប FC Barcelona បានបង្ខំចិត្តអនុញ្ញាតឲ្យកីឡាករបាល់ទាត់ឆ្នើម Lionel Messi ចាកចេញពីក្លិប ដោយសារតែប្រាក់ឈ្នួលកម្រិតខ្ពស់របស់គេរួមជាមួយច្បាប់ហិរញ្ញវត្ថុរបស់លីគ La Liga មានភាពតឹងរឹងដែលអាចធ្វើឱ្យអនាគតរបស់ក្លិបជួបផលវិបាក, នេះបើតាមប្រធានក្លិបលោក Joan Laporta បានបង្ហាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។
ប្រធានក្លិប Joan Laporta បន្តលើកឡើងថា ក្លិបមានការខាតបង់យ៉ាងច្រើន នាពេលថ្មីៗនេះ, ហើយកីឡាករ Messi មានវ័យ ៣៤ឆ្នាំក៏បានចង់ចុះកិច្ចសន្យាថ្មីមួយ ប៉ុន្តែកិច្ចសន្យារបស់កីឡាករសញ្ជាតិអាហ្សង់ទីន មានប្រាក់ខែស្មើនឹង ១១០ភាគរយនៃប្រាក់ចំណូលរបស់ក្លិប, ដែលវាជាហានិភ័យសម្រាប់ហិរញ្ញវត្ថុក្លិប ដែលបណ្តាលមកពីផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ COVID-19។
លោក Laporta បានបន្ថែមទៀតថា «ខណៈដែលយើងបានសម្រេចនូវកិច្ចព្រមព្រៀង ប៉ុន្តែមិនអាចធ្វើតាមផ្លូវការបានដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់ក្លិប ដែលមានន័យថា យើងមិនអាចធ្វើកិច្ចសន្យាថ្មី ដោយសារតែប្រាក់ខែមានកំណត់», ដោយគ្មានប្រាក់ឈ្នួលរបស់កីឡាករ Messi, ប្រាក់ខែកីឡាករ និងបុគ្គលិក ស្មើនឹង៩៥ភាគរយ នៃប្រាក់ចំណូលរបស់ក្លិប Barcelona។
គួដឹងផងថា Messi ចង់ចុះកិច្ចសន្យាថ្មីមួយជាមួយក្លិបអាជីព FC Barcelona ក្នុងលក្ខខណ្ឌកាត់បន្ថយ, ដែលត្រូវបានគេរាយការណ៍ថា ៥០ភាគរយក្រោមប្រាក់ឈ្នួលចុងក្រោយរបស់គាត់ ប៉ុន្តែក្លិបមិនអាចសម្រេចបាននូវការរៀបចំមួយ ដែលគោរពតាមច្បាប់ហិរញ្ញវត្ថុ នៃក្របខណ្ឌលីគ La Liga របស់អេស្ប៉ាញ៕