(តូក្យូ)៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាអូឡាំពិក តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ បន្ទាប់ពីបញ្ចប់ការប្រកួតឈរលេខរៀងទី៩ លើវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រឈ្នាន់រឹង (Diving 10metres Platform) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃសៅរ៍នេះ។
នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាពប្រកួតប្រជែង ១៨នាក់នេះ ៣ជុំដំបូង Jordan Pisey Windle ហាក់ធ្វើមិនសូវបានល្អនោះទេ ប៉ុន្ដែ ៣ជុំចុងក្រោយ ទើបរូបគេកីឡាករវ័យ ២២ឆ្នាំរូបនេះធ្វើបានល្អប្រសើរ ដោយរកបានពិន្ទុសរុបទាំង ៦ជុំចំនួន ៤០៩.៨០ពិន្ទុ ឈរលេខរៀងទី៩ ។ បើធៀបពិន្ទុក្នុងការប្រកួតជម្រុះបឋមម្សិលមិញ Pisey ធ្វើបានល្អជាង ១៩.៧៥ពិន្ទុ។
ផ្អែកលើលទ្ធផលខាងលលើនេះ បានធ្វើឲ្យកីឡាករអាមេរិក ដែលជាជនជាតិខ្មែរ មានដើមកំណើតពីខេត្តព្រះសីហនុ Jordan Pisey Windle ទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដ្បិតតាមគោលការណ៍កីឡាករមានពិន្ទុខ្ពស់ជាងគេ ១២នាក់ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺកីឡាករឈរលេខរៀងទី១ រហូតដល់លេខរៀងទី១២ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងប្រកួតនាម៉ោង ១រសៀលនេះ (ម៉ោងនៅកម្ពុជា)។
សូមបញ្ជាក់ថា Pisey បានចាប់កំណើតនៅខេត្តព្រសីហនុ ប៉ុន្ដែកុមារកំព្រាឪពុកម្ដាយរូបនេះ ត្រូវបានឪពុកចញ្ចឹមលោក Jerry Windle នាំយកទៅរស់នៅអាមេរិក តាំងពីវ័យ ១៨ខែ ហើយវ័យ ៧ឆ្នាំ គេក៏ចាប់ផ្ដើមហ្វឹកហាត់កីឡាលោតទឹក រហូតមកទល់បច្ចុប្បន្ន ។ Pisey ធ្លាប់បានអះអាងថា រាល់ការប្រកួតលើឆាកអន្ដរជាតិ ខ្លួនមិនមែនប្រកួតំណាងតែសហរដ្ឋអាមេរិកនោះទេ ពោលគេក៏ប្រកួតតំណាងប្រទេសកំណើតរបស់ខ្លួន គឺប្រទេសកម្ពុជាផងដែរ៕