(ភ្នំពេញ)៖ ពានរង្វាន់សហគ្រិនខ្មែរ ក្នុងធុរកិច្ចបង្កើតថ្មី ២០២១ ដែលផ្តួចផ្តើមឡើង ដោយសហគ្រិនខ្មែរ រៀបចំដោយ Mango Tango Asia នឹងរៀបចំ វគ្គបណ្តុះបណ្តាលរយៈពេល៥ខែ ដោយផ្តល់ការណែនាំ និងបង្វឹក ដើម្បីជ្រើសរើស និងផ្តល់រង្វាន់ដល់ធុរកិច្ចបង្កើតថ្មី ដែលមានសក្តានុពលលើ៤ប្រភេទអាជីវកម្ម ដែលមានដូចជា៖

* ធុរកិច្ចបង្កើតថ្មីឆ្នើម (៣ រង្វាន់)
* ធុរកិច្ចស្ត្រី (១ រង្វាន់)
* ធុរកិច្ចសង្គម (១ រង្វាន់)
* ធុរកិច្ចនវានុវត្តន៍ (១ រង្វាន់) ។

ជាក់ស្តែង៣៦ អាជីវកម្មនឹងត្រូវជ្រើសរើសដំបូង ដើម្បីទទួលវគ្គបណ្តុះបណ្តាល និងការណែនាំដើម្បីជួយម្ចាស់ អាជីវកម្មបង្កើតយុទ្ធសាស្រ្តឆ្ពោះទៅរកទីផ្សារ (Go- to Market) ក្នុងរយៈពេល៦សប្តាហ៍។

ក្រោយពីនោះ អាជីវកម្មចំនួន១៨ ដែលជ្រើសចេញពី៣៦ក្រុម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបានការហ្វឹកហាត់បន្ថែម លើការធ្វើបទបង្ហាញអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រកួតយកជ័យលាភីចុងក្រោយ៦ក្រុម។

ជ័យលាភីនឹងទទួលបានពានរង្វាន់ លិខិតទទួលស្គាល់ ប្រាក់រង្វាន់ និង ជំនួយគាំទ្រផ្នែកទីផ្សារដែលមានតម្លៃស្មើនឹង ១២០០ ដុល្លារអាមេរិក។

សហគ្រិនខ្មែរផ្តួចផ្តើមបង្កើតកម្មវិធីនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ផ្សារភ្ជាប់ និង អភិវឌ្ឍ សហគ្រិនភាព និងជំរុញវប្បធម៌សហគ្រិនភាពនៅកម្ពុជា។

គូសបញ្ជាក់ថា សហគ្រិនខ្មែរ (KE: Khmer Enterprise) គឺជាស្ថាប័នប្រតិបត្តិករក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រ និង ជួយដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈ៖

១៖ ការបង្កើនសមត្ថភាព
២៖ ការលើកកម្ពស់វប្បធម៌សហគ្រិនភាព
៣៖ ការបង្កើតបណ្តាញទំនាក់ទំនង
៤៖ ការផ្តល់មូលនិធិដើមទុន ជំនួយអាចមានក្នុងទម្រង់ជាហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើធុរៈកិច្ច និង ជំនួយបច្ចេកទេស ។

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរក្នុងធុរកិច្ចបង្កើតថ្មី ២០២១ បានបើកទទួលពាក្យចូលរួមចាប់ពីថ្ងៃនេះតទៅ។ សហគ្រិនដែលចាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះឥឡូវនេះ តាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/37dUTFv

ថ្ងៃផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ [email protected] cc [email protected] ឬ ០៧៧ ៧២៥ ៤០៦៕