(ភ្នំពេញ)៖ វិស័យឯកជនធំៗចំនួន២ បានខិតខំប្រឹងប្រែងចូលរួមជាមួយរាជដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាក់ស្តែង ពិធីចុះហត្ថលេខាជាផ្លូវការ លើការវិនិយោគរួមគ្នាលើវិស័យអប់រំ រវាង ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងខេមបូឌាន អ៉ិនវេស ស្ទ័រ ខបភើរេសិន ភីអិលស៉ី (CIC) បានបង្ហាញពីទិសដៅចូលរួមជាមួយរាជដ្ឋាភិបាលអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀតប្រកបដោយភាពជឿនលឿន ភាពច្នៃប្រឌិត និងគុណភាពខ្ពស់។

ពិធីដែលបានធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក៏មានការចូលរួមជាអធិបតីភាព ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប, លោក ម៉ៅ សាវិន អភិបាល និង តំណាងCambodia Laos Development Fund និងលោក ឡែម ចាន់សំរេច នាយកគ្រប់គ្រង ខេមបូឌាន អ៉ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៉ី (CIC) ព្រមទាំងថ្នាក់ដឹកនាំទាំងអស់។

ឧកញ៉ ប៉ិច បូឡែន បានថ្លែងថា ការវិនិយោគ រួមគា្ននិងភាពជាដៃគូរវាង WEG និង CIC គឺសំដៅលើកស្ទួយ និងពង្រឹងគុណភាពវិស័យអប់រំ នៅកម្ពុជាក៏ដូចជាចូលរួមជាមួយរាជដ្ឋាភិបាល អភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ទូលំទូលាយបន្ថែមទៀតប្រកបដោយភាពជឿនលឿន ភាពច្នៃប្រឌិត និងគុណភាពខ្ពស់។

លោកអះអាងថា «ថ្ងៃនេះជាប្រវត្តិសាស្រ្តសម្រាប់បេសសកកម្មអប់រំរបស់ WEG ។ កាលឆ្នាំ ២០១១ ជារបត់ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ WEG ហើយ១០ឆ្នាំក្រោយ គឺនៅឆ្នាំ២០២១នេះ ជាប្រវត្តិសាស្ត្រអស្ចារ្យមួយបន្ថែមទៀត។ នេះមិនមែនជាជោគជ័យ សម្រាប់សមិទ្ធិផល ខាងអប់រំ ផលិតផលផ្នែកសហគ្រិនភាព ឬផ្នែកអាជីវកម្មទេ តែវាជារបត់នៃការរីកចម្រើនសម្រាប់ មាតាបិតា អាណាព្យបាល និងគុណភាពអប់រំ»

រីឯលោក ឡែម ចាន់សំរេច បានលើកឡើងថា ការវិនិយោគរួមគ្នាលើវិស័យអប់រំនេះ គឺជាការអភិវឌ្ឍ វិស័យអប់រំនិងធនធានមនុស្សនៅកម្ពុជា ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍគុណភាពអប់រំកាន់តែល្អប្រសើរ និងប្រកបដោយចីរភាព និងអភិវឌ្ឍវិស័យសេដ្ឋកិច្ចផងដែរ។

សូមជម្រាបថា CiC ជាក្រុមហ៊ុនវិនិយោគដែលផ្ដោតលើដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និង នវានុវត្តសម្រាប់សមាគមន៍អាជីវកម្មតាមរយៈការផ្ដល់ហិរញ្ញប្បទាន និងទុនវិនិយោគដល់សហគ្រាសធន់តូច និងមធ្យម អាជីវកម្មបង្កើតថ្មី និងគម្រោងវិនិយោគផ្សេងៗទៀត ដែលមានសក្ដានុពលក្រោមទម្រង់ជាការវិនិយោគដោយផ្ទាល់ និងការផ្ដល់នូវទម្រយន្តការណ៍វិនិយោគដ៏គួរអោយទុកចិត្ត និងប្រកបដោយក្រមសីលធម៌។

ក្រុមហ៊ុននេះ មានទស្សនៈចង់ឃើញសេដ្ឋកិច្ចក្នុងស្រុកមួយដែលមានការរីកចម្រើន ដោយមានការចូលរួមយ៉ាងសកម្មពីសហគ្រិន និងវិនិយោគគិនក្នុងស្រុក ហើយពួកគាត់អាចទទួលបាននូវផលប្រយោជន៍ពីការចូលរួមចំណែករបស់ពួកគាត់។ ចំពោះបេសកកម្ម គឺការកៀរគរវិនិយោគគិនក្នុងស្រុក ក៏ដូចជាទុនវិនិយោគក្នុងស្រុក បង្កើតទម្រយន្តការវិនិយោគមួយ ដែលគួរឲ្យទុកចិត្តដោយមានការចូលរួមពីសហគ្រិន និងវិនិយោគគិន ហើយពួកគាត់អាចទទួលបានផលប្រយោជន៍ ទៅតាមសក្ដានុពលរាងៗខ្លួន ក្នុងអត្ថន័យនៃការចូលរួមអភិវឌ្ឍន៍សហគ្រាស ក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយនិរន្តរភាព និងក្រមសីលធម៌៕