(តូក្យូ)៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៩ ប៉ុណ្ណោះ សម្រាប់ការប្រកួតតំណាងសហរដ្ឋអាមេរិកលើកដំបូង នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) លើវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ (Diving 10metres Platform) ដែលទើបបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិចនៅមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center។
ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមានបេក្ខភាពប្រកួតប្រជែង ១២នាក់នេះ Jordan Pisey រកបានពិន្ទុសរុប ៤០៧.៩០ពិន្ទុពីការប្រកួតចំនួន ៦ជុំ។ លទ្ធផលនេះ កីឡាករវ័យ ២២ឆ្នាំខាងលើធ្វើមិនសូវបានល្អនោះទេ បើធៀបនឹងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលរូបគេរកបាន ៤០៩.៨០ពិន្ទុ និងបានឈរចំណាត់ថ្នាក់លេខ៩ ដូចគ្នា។ ចំណែកមេដាយមាសបានទៅកីឡាករចិន Cao Yuan រកបាន ៥៨២.៣៥ពិន្ទុ, មេដាយប្រាក់ បានទៅកីឡាករចិនដូចគ្នា Yang Jian រកបាន ៥៨០.៤០ពិន្ទុ និងមេដាយសំរឹទ្ធបានទៅកីឡាករអង់គ្លេស Daley Thomas រកបាន ៥៤៨.២៥ពិន្ទុ។
សូមបញ្ជាក់ថា Pisey បានចាប់កំណើតនៅខេត្តព្រសីហនុ ប៉ុន្ដែកុមារកំព្រាឪពុកម្ដាយរូបនេះ ត្រូវបានឪពុកចិញ្ចឹមលោក Jerry Windle នាំយកទៅរស់នៅអាមេរិក តាំងពីវ័យ ១៨ខែ ហើយវ័យ ៧ឆ្នាំគេបានចាប់ផ្ដើមហ្វឹកហាត់កីឡាលោតទឹករហូតមកទល់បច្ចុប្បន្ន។ កីឡាករមានសាក់រូបទង់ជាតិកម្ពុជានៅដើមដៃខាងឆ្វេងរូបនេះធ្លាប់បានអះអាងថា រាល់ការប្រកួតលើឆាកអន្ដរជាតិ ខ្លួនមិនមែនប្រកួតតំណាងតែសហរដ្ឋអាមេរិកនោះទេ ពោលគេក៏ប្រកួតតំណាងប្រទេសកំណើតរបស់ខ្លួន គឺប្រទេសកម្ពុជាផងដែរ៕