(កំពង់ធំ)៖ ប្រជាពលរដ្ឋបានប្រទះឃើញទីទួលបុរាណមួយកន្លែងនៅចំណុចព្រៃទទឹង ស្ថិតក្នុងភូមិពាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ខណៈចាស់ៗនៅក្នុងភូមិបានអះអាងថា គាត់បានឃើញទីបុរាណស្ថាននៅក្នុងព្រៃនេះតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ប៉ុន្តែក្រោយមកក៏បាត់ បង់ចម្លាក់ថ្មមួយចំនួន ដោយមិនដឹងបាត់តាំងពីពេលណា។
ក្នុងពេលក្រុមអ្នកសារព័ត៌មានចុះទៅដល់ទីតាំងផ្ទាល់ កាលពីចុងខែកក្កដា ឆ្នាំ២០២១ ក៏ឃើញថាមានបំណែកបដិមាព្រះពុទ្ធប្រក់នាគ និងបដិមា «ព្រះភៃសជ្យគុរុ» ឬហៅថា «ព្រះពុទ្ធស្ដេចថ្នាំ» ឬ «ព្រះពុទ្ធគ្រូថ្នាំ» ហើយក៏មានថ្មគោលដែលមានរូបព្រះពុទ្ធ មានថ្មភក់មួយចំនួន និងរណ្ដៅមួយទៀតផងដែរ។ យោងតាមរូបរាងចម្លាក់ព្រះពុទ្ធបដិមានេះដែរ គឺមានទម្រង់ស្ថាបត្យកម្មតាមរចនាប័ទ្មបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៧ (ជ័យវរ្ម័នទី៧) នាសតវត្សទី១២ ពោលគឺមានអាយុកាលជាង ៩០០ ឆ្នាំមកហើយ។
ជាការពិតណាស់ បើតាមទីតាំងភូមិសាស្ត្រ ទីទួលបុរាណដែលទើបរកឃើញនេះ គឺមានទំនាក់ទំនងគួរឱ្យសង្ស័យជាមួយតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ (ស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៧) ដែលជាតំបន់បុរាណស្ថានធំមួយស្ថិតនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចម្ងាយពីតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ មកទីទួលបុរាណនៅស្រុកប្រាសាទបល្ល័ង្កនេះ គឺមានប្រវែងប្រមាណ ១៥ គីឡូម៉ែត្រ។ ម្យ៉ាងទៀត ប្រសិនបើរាប់ពីតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយមកកាន់ទីបុរាណនេះ គឺមានបណ្ដាញប្រាសាទបុរាណមួយចំនួន ដូចជា ប្រាសាទអូរប្រាសាទ ប្រាសាទដូនម៉ៅ គ្រឹះតាម៉ៅ ប្រាសាទអំបែងនំជាដើម ហើយចម្ងាយពីប្រាសាទអំបែងនំមកកាន់ទីបុរាណដែលទើបរកឃើញថ្មីនេះ គឺមានប្រវែងត្រឹមតែ ១១ គីឡូម៉ែត្រប៉ុណ្ណោះ។
បើតាមការរៀបរាប់របស់លោក ស៊ាប សីហា ដែលជាមគ្គទេសក៍ទេសចរណ៍មួយរូបនៅតំបន់សៀមរាប បានឲ្យដឹងថា សព្វថ្ងៃយើងឃើញមានតែព្រះពុទ្ធបដិមាថ្មគោលធំ ១ និងមានបដិមាដែលបែកបាក់ខូចខាតនៅរាយប៉ាយមួយចំនួនទៀត ហើយមានអ្វីលើសពីនេះទៀត ប្រហែលជាកប់នៅក្នុងដី ឬនៅក្នុងរណ្ដៅដែលគេជីកយកបដិមានោះ។
លោកបានបញ្ជាក់ទៀតថា បើយើងមើលទៅលើភូមិសាស្រ្តតំបន់នេះ មិនឆ្ងាយពីតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយនោះទេ គឺស្ថិតនៅភាគខាងត្បូងប្រហែលជា ១៥ គីឡូម៉ែត្រ និងចម្ងាយពីប្រាសាទអំបែងនំប្រមាណ ១១ គីឡូម៉ែត្រប៉ុណ្ណោះ។
អ៊ំប្រុស សេង សុទ្ធ មេភូមិពាមអាទិត្យ បានលើកឡើងថា កាលពីពេលកន្លងទៅ លោកអ៊ំបានទៅឃើញនៅកន្លែងទួលបុរាណនោះជាមួយក្មួយរបស់លោកអ៊ំ គឺលោកមគ្គទេសក៍ ស៊ាប សីហា ហើយឃើញមានថ្មភក់ ចម្លាក់ព្រះពុទ្ធ ទំនងជារបស់បុរាណពីដើម និងមានបំណែកដែលសល់ពីគេគាស់យក ប៉ុន្តែមិនដឹងគេគាស់តាំងពីឆ្នាំណានោះទេ។
លោកអ៊ំមេភូមិពាមអាទិត្យក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋម្ចាស់ចម្ការ ជួយចូលរួមថែរក្សាទីតាំងបុរាណនេះផង កុំឱ្យពួកគាត់ឈូសឆាយតទៅទៀត ទោះបីយ៉ាងណាក៏ជាកេរតំណែលរបស់បុព្វបុរសដែរ សម្រាប់ប្រជាពលរដ្ឋថែរក្សាទុកឱ្យបានដល់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានោះ អ៊ំស្រី អ៊ុំ វីន ដែលជាប្រពន្ធរបស់លោកអ៊ំមេភូមិ សេង សុទ្ធ ក៏បានឱ្យដឹងដែរថា «កាលពីឆ្នាំ១៩៧៩ ខ្ញុំបានរៀបការជាមួយតារបស់ខ្ញុំ ដល់ការហើយថ្មីៗ ម៉ែឪខ្ញុំក៏បាននាំទៅបេះផ្លែឈើនៅក្នុងព្រៃទទឹងនោះឯង ពេលនោះក៏ខ្ញុំរុកព្រៃរហូតដល់បែកពីតាខ្ញុំ និងម៉ែឪខ្ញុំ, ខ្ញុំតែម្នាក់ឯងទេ ទៅដល់កន្លែងទួលប្រាសាទបុរាណនោះឯង ក៏ឃើញមានប្រាសាទឈរត្រដឹងនៅល្អទេ មានរូបចម្លាក់ឈរផង ច្រត់ដៃផង។ ក៏ខ្ញុំបន្តចូលទៅកន្លែងខ្លោងទ្វារជ្រុងមួយ ចូលទៅក៏ឈរមើល អត់ឃើញមានបាក់បែកទេ គ្រាន់តែរបូតថ្មខ្លះ។ តាំងពីបានឃើញម្ដងនោះមក ខ្ញុំក៏អត់ដែលបានចូលទៅមើលទៀតទេ»។
ចំណែកឯអ៊ំស្រី មិ ចាន់ ដែលជាម្ចាស់ចម្ការដែលទួលបុរាណតាំងនៅនោះ បានប្រាប់ថា អ៊ំស្រីបានឃើញមានប្រាសាទនោះឯងស្ថិតក្នុងព្រៃធំ (ព្រៃទទឹង)។ លុះពេលក្រោយមក គ្រួសារគាត់ក៏ធ្វើចម្ការនៅជិតទីនោះ តែក៏បានទុកព្រៃម្ដុំដែលមានប្រាសាទនោះ ពោលគឺមិនហ៊ានប៉ះពាល់ទីតាំងដូនតាបុរាណនោះឡើយ ប៉ុន្តែដោយសារមានភ្លើងព្រៃឆេះទៅ ក៏រាលដាលឆេះទាំងព្រៃដែលពួកគាត់បានទុកនោះទៀត។
អ៊ំស្រី មិ ចាន់ បានបន្តថា ពេលគ្រួសារអ៊ំស្រីទៅធ្វើចម្ការដំបូង គឺឃើញមានតែរូបចម្លាក់ និងថ្មមួយចំនួន ពោលគឺមិនឃើញមានប្រាសាទនោះឡើយ តែក្រោយមក ចម្លាក់នោះក៏ដាច់អស់មួយកំណាត់បាត់ សង្ស័យគេគាស់យកមួយកំណាត់ តែបាត់តាំងពីយូរមកហើយ។
បានថ្លែងប្រាប់ភ្នាក់ងារ Fresh News លោក ហ៉ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានអំពាវនាវឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ដី សូមចូលរួមរក្សាការពារ កុំឱ្យមានឈូសឆាយ កាប់គាស់ ឬធ្វើឱ្យខូចទ្រង់ទ្រោយដើមនៃទីតាំងនោះ។
លោកបានបន្តថា ប្រសិនបើជាដីចម្ការដំណាំរបស់គាត់ ពួកគាត់អាចអាស្រ័យផលបាន កុំឱ្យតែទៅឈូសឆាយគាស់លុបទីតាំងបុរាណនោះឱ្យសោះ ពោលគឺសូមឱ្យគាត់ភ្ជួររាស់ និងដាំដំណាំឱ្យឃ្លាតឆ្ងាយពីទីតាំងនោះ។
លោកប្រធានមន្ទីរវប្បធម៌ខេត្តបានបញ្ជាក់ទៀតថា នៅពេលធូរស្រាលពីការរីករាលដាលជំងឺកូវីដ-១៩ លោកនឹងដឹកនាំមន្ត្រីជំនាញចុះទៅសិក្សាស្រាវជ្រាវនៅតំបន់នោះ ដើម្បីឱ្យដឹងពីប្រវត្តិស្ថាបត្យកម្ម ហើយនឹងរៀបចំហ៊ុំព័ទ្ធទីតាំងបុរាណនេះ ដើម្បីថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសដូនតាខ្មែរ។
សូមជម្រាបថា ដើម្បីទៅដល់ទីទួលបុរាណក្នុងភូមិពាមអាទិត្យនេះ យើងអាចធ្វើដំណើរតាមផ្លូវខេត្តកំពង់ធំទៅកាន់ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែលជិត ១០០ គីឡូម៉ែត្រ កាត់តាមឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ដល់ចំណុចព្រៃទទឹង ខាងលិចភូមិពាមអាទិត្យ យើងនឹងឃើញទីទួលបុរាណមួយ នឹងព្រះពុទ្ធបដិមាក្នុងចម្ការអ្នកភូមិជាមិនខាន៕
សូមទស្សនាវីដេអូដែលបង្ហាញពីទិដ្ឋភាពទីតាំងបុរាណនេះដូចតទៅ៖