(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ចូលចិត្តរចនាម៉ូដសម្លៀកបំពាក់ប្លែកៗពីរុក្ខជាតិ និងរបស់របរប្រើប្រាស់ផ្សេងៗ ទាក់ទងនឹងសិល្បៈវប្បធម៌ជាតិ ឬការបំផុសចលនាស្រឡាញ់សម្បត្តិវប្បធម៌ជាតិ គឺកញ្ញា រំដួលលិចទឹក ដែលមានឈ្មោះពិតថា ម៉ិញ វ៉ាន់ដា បន្ទាប់ពីមានដំណឹងថា ធ្លាក់ខ្លួនឈឺធ្ងន់ រាងកាយស្គមស្គាំង ដេកដួលជាប់នៅនឹងកន្ទេល មើលស្ទើរតែមិនស្គាល់មក រហូតមកទល់នឹងពេលនេះ ស្ថានភាពជំងឺរបស់នាង នៅតែមិនទាន់មានសញ្ញាណាមួយ បង្ហាញថាបានធូរស្បើយឡើងវិញឡើយ ខណៈស្ថានភាពគួរឲ្យអាណិតអាសូរនេះ បាននឹងកំពុងតែធ្វើឲ្យអ្នកធ្លាប់គាំទ្រសម្តែងក្តីសង្វេគជាខ្លាំង ត្បិតនាងកំពុងខ្វះខាតលទ្ធភាពក្នុងការពន្យាបាលបន្ត។
ថ្លែងទាំងសំឡេងខ្សាវៗ ក្នុងស្ថានភាពកំពុងសម្រាកព្យាបាលជំងឺ កញ្ញា រំដួល លិចទឹក បានប្រាប់ Fresh News Plus ឲ្យដឹងថា តាមពិតជំងឺរបស់នាង គឺមានការលាប់ឡើងវិញ ព្រោះតែមិនបន្តការព្យាបាល តាមការណែនាំរបស់គ្រូពេទ្យ ហើយមូលហេតុដែលនាងមិនធ្វើការព្យាបាលបន្ត គឺដោយសារមិនមានប្រាក់ លុះដល់ធ្វើទុក្ខខ្លាំងទ្រាំមិនបាន ក៏សម្រេចទៅពេទ្យម្តងទៀត ដើម្បីព្យាបាលជំងឺ។
រំដួលលិចទឹក បន្ថែមថា បច្ចុប្បន្ននេះនៅមិនទាន់ធូរស្បើយនៅឡើយទេ ព្រោះជំងឺនៅតែធ្វើទុក្ខ ដោយខ្លួនប្រាណឡើងស្លេកខ្លាំង ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ខណៈការទទួលទានអាហារ គឺហូបបានឡើងវិញហើយ នៅឡើយតែរាងកាយ នៅចុកសន្លាក់ និងទ្រុឌទ្រោមខ្លាំង អត់មានកម្លាំងក្នុងខ្លួន ធ្វើឲ្យស្គមស្គាំងតែម្តង។
បើទោះបីជាបាន បង្ហាញពីស្ថានភាពគួរឲ្យអាណិតអាសូរបែបនេះក្តី តែនាងមិនបានបញ្ជាក់លំអិតថា តើខ្លួនកំពុងមានជំងឺអ្វីនោះទេ ប៉ុន្តែបើតាមប្រភពពីអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យដឹងថា តារាបង្ហាញម៉ូដរូបនេះ មានជំងឺមានជាតិពុលនៅក្នុងឈាម ក្រពះធ្វើទុក្ខខ្លាំង ល្ហិតល្ហៃអស់កម្លាំង ដកដង្ហើមថប់ៗ ហូបអ្វីមិនបាន និងស្រកគីឡូស្រឺតៗតែម្ដង ដែលអាការៈនេះបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់ក្រុមគ្រួសារ មិត្តរួមការងារ និងអ្នកដែលស្គាល់រូបនាង។
គួរជម្រាបថា រំដួលលិចទឹក គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់មួយរូប ដែលទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់មហាជន ជាពិសេសស្នាដៃរបស់លោក គឺមានការគាំទ្រខ្លាំង ស្ទើរគ្រប់ឈុតតែម្ដង។ ក្រៅពីច្នៃម៉ូតសម្រាប់ខ្លួនឯងហើយនោះ រំដួលលេចទឹកក៏បានបញ្ចេញស្នាដៃ ច្នៃឈុតតំណាងជាតិ សម្រាប់បវរកញ្ញាកម្ពុជា ទៅចូលរួមប្រកួតលើឆាកអន្តរជាតិជាច្រើនរូប មកហើយផងដែរ៕