(តូក្យូ)៖ នៅទីបំផុតក្រុមបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំរបស់សាំបាប្រេស៊ីល បានការពារមេដាយមាសសម្រេចហើយ នៅពេលផ្តួល U23 អេស្ប៉ាញត្រឹម ២-១ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២០ ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះ។

ប្រេស៊ីល បានឈ្នះមេដាយមាសប្រភេទកីឡាបាល់ទាត់ វិញ្ញសាផ្នែកបុរស U23 នៅពេលពួកគេបានឈ្នះដំបូងកាលធ្វើម្ចាស់ផ្ទះអូឡាំពិក លើកទី៣១ ដែលបានយកឈ្នះគូប្រជែងមកពីអឺរ៉ុបដូចគ្នា U23 អាល្លឺម៉ង់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយប្រកួត ១២០នាទីពេញស្មើគ្នា ០-០។

ប្រធានក្រុម Dani Alves ជាអ្នកបញ្ជូនបាល់ឲ្យ Matheus Cunha ស៊ុតបញ្ចូលទីបានសម្រេចចុងម៉ោងវគ្គទី១ ពោលគឺនៅនាទី៤៥+២ នៅក្រោយពេល Richarlison ដែលត្រូវជ្រើសរើសចេញពីក្លិបអង់គ្លេស Everton ទាត់បាល់ប៉េណាល់ទីអត់ចូលនៅនាទី៣៨ រួចមក និងត្រូវបានអេស្ប៉ាញតាមបានស្មើវិញនៅវគ្គទី២ មុនពេល Malcom នៅនាទី១០៨ ដែលត្រូវបានប្តូរចូលក្នុងម៉ោងថែម ១៥នាទី ២ដង នៅពេលមេដាយសំរិទ្ធបានទៅក្រុម U23 មិចស៊ិក ដែលបានយកឈ្នះ U23 ម្ចាស់ផ្ទះជប៉ុន ៣-១ នៅថ្ងៃសុក្រម្សិលមិញ។

នេះជាមេដាយមាសដំបូងសម្រាប់ក្រុមមកពីតំបន់អាមេរិកឡាទីនប្រេស៊ីលនៅ Tokyo Olympic Games 2020 ក្នុងចំណោមអត្តពលិកសរុប ៣០២នាក់ដែលបានបញ្ជូនមកប្រកួតប្រជែងមេដាយនៅប្រទេសស្ថិតនៅទ្វីបអាស៊ីខាងលើនេះ គ្រាដែលក្រុមបាល់ទាត់នារីរបស់ពួកគេបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៅពេលចាញ់ស្រ្តីកាណដាដែលជាម្ចាស់មេដាយមាសដោយបាល់ ១១ម៉ែត្រាកាត់សេចក្តី។

គួរបញ្ជាក់ផងថា Tokyo 2020 ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ នោះ នឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ នៅពេលដែលអត្តពលិកចិននៅតែបន្តនាំមុខក្នុងតារាងមេដាយ ដោយឈ្នះបានមេដាយមាស ៣៨គ្រឿងច្រើនជាងគេ តាមពីក្រោយដោយអាមេរិកឈ្នះមេដាយមាស ៣៥គ្រឿង និងម្ចាស់ផ្ទះជប៉ុនឈរនៅលេខ៣ ឈ្នះមេដាយមាសបាន ២៦គ្រឿងផងដែរ៕