(ជប៉ុន)៖ អត្តពលិក Neeraj Chopra បានឈ្នះមេដាយមាស វិញ្ញាសារគប់លំពែងផ្នែកបុរស នាថ្ងៃសៅរ៍នេះ ជាមួយនឹងការគប់បានយ៉ាងល្អបំផុត ចម្ងាយ៨៧.៥៨ម៉ែត្រ ជាអត្តពលិកដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ជាប្រវត្តិសាស្ត្រលើកដំបូង សម្រាប់ប្រទេសឥណ្ឌា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងវិញ្ញាសារនេះ, អត្តពលិក Jakub Vadlejch របស់សាធារណរដ្ឋឆែក បានឈ្នះមេដាយប្រាក់ ជាមួយនឹងការគប់ចម្ងាយ៨៦.៦៧ម៉ែត្រ និងអត្តពលិក Vitezslav Vesely របស់ឆែកដែរនោះ បានមេដាយសំរឹទ្ធ ជាមួយនឹងការគប់ចម្ងាយ៨៥.៤៤ម៉ែត្រ។

Chopra បានក្លាយជាអត្តពលិកឥណ្ឌាទី២ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសារកីឡាឯកត្តជន នៅព្រឹត្តិការណ៍អូឡាំពិក បន្ទាប់ពីអត្តពលិក Abhinav Bindra បានឈ្នះមេដាយមាស ក្នុងការប្រកួតបាញ់កាំភ្លើងខ្យល់ កាលពីព្រឹត្តិការណ៍ក្នុងឆ្នាំ២០០៨៕