(អេស្ប៉ាញ)៖ ម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន៦លើក កីឡាករ Lionel Messi នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអាទិត្យ នាពហុកីឡដ្ឋាន Camp Nou របស់ក្លិប Barcelona បន្ទាប់ពីការចាកចេញយ៉ាងភ្ញាក់ផ្អើលរបស់លោក, នេះបើតាមការបញ្ជាក់ពី ក្លិបលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។

Messi នឹងធ្វើសន្និសីទនៅម៉ោង៨ព្រឹក (ម៉ោងនៅអេស្ប៉ាញ) បន្ទាប់ពីក្លិប Barcelona បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ស្តីពីការចាកចេញរបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះ, បើទោះបីជាភាគីទាំងពីរ បានសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីកិច្ចសន្យាថ្មីក៏ដោយ, ដោយបានបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ច និងរចនាសម្ព័ន្ធ បានក្លាយជាឧបសគ្គ ក្នុងការសម្រេចនូវកិច្ចសន្យាថ្មី។

Messi, ដែលបានចូលរួមជាមួយ សាលាបណ្តុះបណ្តាលយុវជនរបស់ក្លិប Barca ក្នុងវ័យ១៣ឆ្នាំនោះ, គឺជាកីឡាករ ដែលរកបានគ្រាប់បាល់ច្រើនជាងគេ គ្រប់ការប្រកួតរបស់ក្លិប ជាមួយនឹងការស៊ុតបញ្ចូលទី បាន៦៧២គ្រាប់ ក្នុងការប្រកួត៧៧៨លើក នៅក្នុងការប្រកួតទាំងអស់។

ប្រធានក្លិប Barcelona លោក Joan Laporta បានលើកឡើង កាលពីថ្ងៃសុក្រថា ក្លិបបានបង្ខំចិត្ត ឲ្យកីឡាករ Messi ចាកចេញពីក្លិប ដោយសារតែប្រាក់ឈ្នួលខ្ពស់របស់លោក រួមផ្សំជាមួយនឹងការរឹតបន្តឹងច្បាប់ហិរញ្ញវត្ថុ របស់លីគ La Liga ផងនោះ ដែលវាអាចធ្វើឲ្យមានវិបត្តិដល់ក្លិប នាពេលអនាគត៕