(ត្បូងឃ្មុំ)៖ ឆ្ងាយពីសាលាខេត្តត្បូងឃ្មុំជិត ៥ គីឡូម៉ែត្រ មានប្រាសាទឥដ្ឋដ៏ចំណាស់មួយមានឈ្មោះថា «ប្រាសាទព្រះសម្ដី» ដែលមានអាយុកាលជាង ១,០០០ ឆ្នាំហើយ ខណៈបច្ចុប្បន្ននេះបានបាក់បែកខូចខាតជាច្រើនផ្នែក សល់តែជញ្ជាំងផ្នែកខាងជើង និងខាងត្បូងប៉ុណ្ណោះ។

ប្រាសាទដ៏ចំណាស់មួយនេះត្រូវបានសាងសង់ឡើងពីដីឥដ្ឋនៅសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ ស្ថិតក្នុងសភាពទ្រុឌទ្រោម ប្រាសាទបុរាណនេះមិនសូវមានអ្នកស្គាល់ និងទេសចរទៅដល់ឡើយ។ អមជុំវិញដោយវាលស្រែនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ប្រាសាទតូចច្រឡឹងនេះមានតែពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលដឹងតែប៉ុណ្ណោះដែលទៅកម្សាន្ត។

បើតាមលោក ធីម ធី តំណាងមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានអះអាងថា ប្រាសាទនេះត្រូវបានបំផ្លាញដោយសារមនុស្ស និងសង្គ្រាម។ រហូតដល់ឆ្នាំ២០១៨ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយរដ្ឋបាលខេត្ត បានជួសជុលប្រាសាទនេះឲ្យបន្តឈររឹងមាំឡើងវិញ តែក៏ស្ថិតក្នុងសភាពបែកបាក់បាត់បង់រូបរាងស្ទើរអស់ទៅហើយដែរ។

«បរិវេណនៅជុំវិញប្រាសាទ ត្រូវបានប្រជាពលរដ្ឋចូលមកអាស្រ័យផលច្រើន។ គាត់ធ្វើស្រែចម្ការនៅបរិវេណនេះ។ គាត់ចេះតែរំកិលបន្តិចម្ដងៗ មកកៀកនឹងប្រាសាទ។ បញ្ហាផ្លូវចូលមកប្រាសាទនេះ ធ្វើឱ្យភ្ញៀវពិបាកធ្វើដំណើរចូលមក» នេះជាការបញ្ជាក់របស់លោក ធីម ធី ពីមូលហេតុដែលទេសចរមិនសូវស្គាល់ប្រាសាទនេះ ហើយលោកបន្ថែមថា «តំបន់ប្រាសាទនេះ មិនទាន់អភិរក្សបន្ថែម និងមិនសូវមានការផ្សព្វផ្សាយ»

នាពេលបច្ចុប្បន្ននេះ មើលឃើញថាវិស័យអចលនទ្រព្យ ការពុះដីឡូត៍លក់ ក៏កំពុងខិតកាន់តែចូលមកកៀកប្រាសាទដូចគ្នា។

ខណៈនៅមិនឆ្ងាយពីសាលាខេត្ត ដែលស្ថិតនៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ តំណាងឲ្យលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា តាមការជំរុញណែនាំតម្រង់ទិសពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មន្ទីរវប្បធម៌ខេត្ត សហការជាមួយមន្ទីរទេសចរណ៍ខេត្ត ក្នុងគោលដៅរៀបចំអភិរក្សតំបន់នេះ ឱ្យក្លាយជាតំបន់នេះគោលដៅទេសចរណ៍សម្រាប់ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ក្នុងផ្ទៃដីប្រមាណជាង ១ ហិកតា ក្រៅពីប្រាសាទព្រះសម្ដីនេះ ក៏នៅមានប្រាសាទជាច្រើនទៀត ប៉ុន្តែបានបាក់បែកទាំងស្រុង គ្មានសល់សម្បីរូបរាងឡើយ៕