(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន រាល់ពេលមានការរំលោភបំពាន បៀតបៀន ឬធ្វើឱ្យខូចប្រយោជន៍ក្នុងរូបភាពណាមួយដែលផ្ទុយពីច្បាប់ ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល រមែងនឹកឃើញដល់ការដាក់ពាក្យបណ្ដឹងទៅកាន់មន្ត្រីមានសមត្ថកិច្ច ឬស្ថាប័នតុលាការ ដើម្បីជួយស្វែងរកយុត្តិធម៌ឱ្យខ្លួន។ ប៉ុន្តែក្នុងស្ថានភាពមួយចំនួន ជនរងគ្រោះបែរជារារែកមិនហ៊ានទៅដាក់ពាក្យបណ្ដឹង ឬដកពាក្យបណ្ដឹងរបស់ខ្លួនវិញ ដោយសារទទួលរងការសម្លុត និងគំរាមកំហែងពីភាគីម្ខាងទៀត។

ដោយមើលឃើញថាទង្វើបែបនេះបានធ្វើឱ្យរាំងស្ទះ និងប៉ះពាល់ដល់សកម្មភាពអនុវត្តច្បាប់ផងនោះ ទើបក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ញត្តអំពី «បទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង» ដើម្បីកំណត់អំពីការផ្ដន្ទាទោសចំពោះជនទាំងឡាយណាដែលប្រព្រឹត្តអំពើទុច្ចរិតនេះ។

ដូច្នេះដើម្បីឱ្យជ្រាបកាន់តែច្បាស់ថា តើអំពើ និងសកម្មភាពបែបណាដែលត្រូវបានចាត់ទុកថាជាបទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី «បទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង» មកចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ ដូចខាងក្រោម៖

បទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹងមានចែងត្រង់មាត្រា ៥២៧ នៃក្រមព្រហ្មទណ្ឌ ដែលបញ្ញត្តថា អំពើគំរាមកំហែងសម្លុត ដើម្បីញុះញង់ជនរងគ្រោះ កុំឱ្យដាក់ពាក្យបណ្ដឹង ឬដកពាក្យបណ្ដឹងរបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ប្រសិនបើបទល្មើសនេះ សម្ដែងចេញជាលទ្ធផល។

យើងសង្កេតឃើញថា សកម្មភាពគំរាមកំហែង ឬសម្លុតដែលអាចចាត់ចូលជាបទល្មើសនេះបាន មិនចាំបាច់ត្រូវតែសម្ដែងចេញជាលទ្ធផល ទើបអាចទទួលការផ្ដន្ទាទោសនោះទេ ព្រោះកថាខណ្ឌទី១នៃមាត្រាខាងលើ បានសំដៅថា ការគំរាមកំហែង សម្លុត ឬញុះញង់ ដែលស្ដែងឡើងតាមរយៈពាក្យសម្ដី ក៏ត្រូវចាត់ទុកថាជាការគាបសង្កត់មិនឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ឬដកពាក្យបណ្ដឹងរបស់ខ្លួនដែរ។ ជាទូទៅ អំពើទុច្ចរិតនេះច្រើនប្រព្រឹត្តដោយ និយោជកទៅកាន់និយោជិត ចៅហ្វាយនាយទៅកាន់បុគ្គលិក អ្នកមានបុណ្យសក្ដិអំណាចទៅកាន់អ្នកដែលមានឋានៈតូចទាប ឬរវាងសាច់ញាតិ និងមិត្តភក្ដិដែលជិតស្និទ្ធនឹងគ្នា។

លើសពីនេះទៅទៀត ក្នុងករណីដែលការគំរាមកំហែង ឬសម្លុត កុំឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ឬដកពាក្យបណ្ដឹង ធ្វើឡើងក្នុងសកម្មភាពដែលលើសពីពាក្យសម្ដី ហើយសម្ដែងចេញជាលទ្ធផលណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះ ឬអ្នកពាក់ព័ន្ធនោះ កថាខណ្ឌទី ២ នៃមាត្រា ៥២៧ ក៏បានបន្ថែមស្ថានទម្ងន់ទោសលើអ្នកប្រព្រឹត្តផងដែរ។

សរុបមកវិញ ប្រសិនបើជនណាម្នាក់ព្យាយាមគំរាមកំហែងសម្លុត ដើម្បីញុះញង់ជនរងគ្រោះ កុំឱ្យដាក់ពាក្យបណ្ដឹង ឬដកពាក្យបណ្ដឹង ជននោះមិនអាចរួចផុតពីការទទួលខុសត្រូវរបស់ខ្លួនឡើយ ហើយថែមទាំងត្រូវប្រឈមនឹងបទល្មើសខាងលើ ដែលត្រូវទទួលការផ្ដន្ទាទោសតាមច្បាប់ថែមទៀតផង។ សម្រាប់ជនរងគ្រោះវិញ គួរគប្បីមានភាពក្លាហានក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នមានសមត្ថកិច្ចឱ្យជួយស្វែងរកយុត្តិធម៌ និងចាត់វិធានការទៅតាមច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យជនល្មើសទាំងនោះមានឱកាសក្នុងការរំលោភបំពានអ្នកដទៃទៀត៕

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង(អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group