(ភ្នំពេញ)៖ ការគេងឆ្អែតស្កប់ស្កល់ មានគុណប្រយោជន៍ណាស់ក្នុងការផ្ដល់ថាមពលដល់រាងកាយ និងខួរក្បាល ព្រោះជាពេលវេលាកាត់ផ្ដាច់ទំនាក់ទំនងរវាងផ្លូវចិត្ដ ផ្លូវកាយ និងខួរក្បាល ឬឱ្យរាងកាយទាំងមូលបានសម្រាកសមស្រប ដើម្បីត្រៀមលក្ខណៈធ្វើសកម្មភាពការងារបន្ដនៅថ្ងៃស្អែក។ ប៉ុន្ដែបើសិនគេងមិនលក់ ជាញឹកញាប់យូរអង្វែង នោះនឹងជះឥទ្ធពលអាក្រក់ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

តាមការបញ្ជាក់របស់ លោកសាស្ដ្រាចារ្យ យឹម សុបុត្រា ប្រធានផ្នែកសុខភាពផ្លូវចិត្ដ នៃមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា «ការគេងស្កប់ស្កល់ ធ្វើឱ្យសរីរាង្គយើងមានលទ្ធភាពពេញលេញបំពេញការងារនៅថ្ងៃបន្ទាប់បានល្អ និងធ្វើឱ្យប្រាជ្ញាសារតី្ម ឬពុទ្ធិ មានការចងចាំបានល្អ។ តែបើបញ្ហាគេមិនលក់ បន្ដកើតមានឡើងជាញឹកញាប់យូរៗទៅ នោះវានឹងនាំឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឈានទៅកើតជំងឺផ្សេងៗរហូតដល់ធ្វើឱ្យអាយុខ្លី។ប៉ុន្ដែបើគេងមិនលក់ម្ដងម្កាល ជារឿងធម្មតានោះទេ»។

លោកសាស្ដ្រាចារ្យ បានបន្ដថា ពលរដ្ឋយើងជាច្រើនកន្លងមកនេះ ពេលមានបញ្ហាគេងមិនលក់ តែងតែប្រើប្រាស់ថ្នាំ ឬឱសថ ដើម្បីឱ្យគេងលក់ ដោយមិនឈ្វេងយល់ពីមូលហេតុ និងប្រឹក្សាជាមួយអ្នកឯកទេស ដែលធ្វើឱ្យសុខភាពរាងកាយ ខួរក្បាលគាត់ចុះខ្សោយរហូត ដល់ធ្លាក់ទឹកចិត្ដឈានទៅវិបត្ដិផ្លូវចិត្ដផងដែរ។

ដូច្នេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារគេងមិនលក់ស្កប់ស្កល់យូរអង្វែង សូមអនុវត្ដ១១ចំនុចខាងក្រោមនេះ៖

១៖ គេងឱ្យទៀងម៉ោង និងភ្ញាក់ឱ្យទៀងម៉ោង ក្នុងកំលុងមិនលើសពីមួយខែ នឹងបង្កើតជាទម្លាប់ ដល់ម៉ោងនឹងងងុយគេង
២៖ បួនម៉ោងមុនចូលគេង មិនត្រូវពិសារអាហារ បើទទួលទានអាហារ មិនត្រូវញាំឱ្យឆ្អែតពេកទេ ធ្វើឱ្យការរំលាយអាហារមិនបានល្អ ប៉ះពាល់ដល់ដំណេក
៣៖ មិនត្រូវត្រូវបរិភោគភេសជ្ជៈ មានសារធាតុកាហ្វេអ៊ីន, ពិសាតែ ឬគ្រឿងស្រវឹង មិនឱ្យញាំដើម្បីគេងលក់ទេ ព្រោះការគេងនោះ មិនយូរនោះទេ បានតែមួយភ្លែត ហើយក៏ភ្ញាក់ គេងលែងលក់តែម្ដង
៤៖ ធ្វើលំហាត់ប្រាណរាងកាយឱ្យបាន ៣០នាទីរៀងរាល់ថ្ងៃ ព្រឹក ឬល្ងាច ឬមួយសប្ដាហ៍បាន ៣-៤ថ្ងៃ
៥៖ សម្រាកកាយចិត្ដឱ្យបានល្អប្រសើរ តាមរយៈ ការសម្មាធិ ឬការដកដង្ហើមវែងពីក្នុងសួត និងបញ្ចេញចោលបន្ដិចម្ដងៗ រយៈពេល ១០នាទី ក្នុងមួយពេល ហើយមុនក្រោកពីគេង ក៏ត្រូវធ្វើការដង្ហើមវែងៗចូលទៅក្នុងសួត ហើយបញ្ចេញតាមសម្រួលចោលឱ្យអស់ មុនក្រោកពីគ្រែផងដែរ
៦៖ ការបង្ហាត់ ឬលំហាត់ប្រាណសាច់ដុំគ្រប់កន្លែងឱ្យរឹងមាំ
៧៖ គួរងូតទឹកក្ដៅឧណ្ណៗមុនចូលគេង
៨៖ បើគេងមិនលក់ក្នុងរយៈពេល២០នាទី កុំនៅសំងំ ត្រូវក្រោកមកអានសៀវភៅ មើលទូរទស្សន៍ ឬឆុងទឹកដោះគោក្ដៅឧណ្ណៗ ពេលមានអារម្មណ៍ថា ងងុយ ចាំទៅគេ មិនយូរទេ នឹងគេងលក់
៩៖ ត្រូវរៀបចំបន្ទប់គេងឱ្យសមស្រប មានពណ៌ស្រទន់ មិនមានពន្លឺរំខាន ចាក់ភ្លេងកំដរបែបធម្មតា និងត្រូវផ្លាស់ប្ដូរ ក្បាលដំណេក ឬទីតាំងបន្ទប់គេងឱ្យថ្មីរហូត
១០៖ ស្ដាប់ព្រះធម៌ ដែលអាចអប់រំសុខភាពផ្លូវចិត្ដដ៏ល្អ មិនឱ្យគិតផ្ដេសផ្ដាស
១១៖ ឱ្យរាងកាយត្រូវពន្លឺថ្ងៃកន្លះម៉ោង ក្នុងមួយថ្ងៃ

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ទៀតថា លើសពីនោះ បើលោកអ្នកនៅតែគេងមិនលក់ទៀត ត្រូវប្រញាប់មកពិភាក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីកុំឱ្យរាងកាយ និងខួរក្បាលចុះខ្សោយ ដោយសារការគេងមិនលក់ញឹកញាប់ ដែលធ្វើឱ្យសញ្ញានេះកាន់តែធ្ងន់ធ្ងរ ឈានទៅដល់ធ្លាក់ទឹកចិត្ដ កើតជាជំងឺផ្លូវចិត្ដធ្ងន់ធ្ងរ៕